ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្គេម ដោយមិនបង់លុយទាំងអស់ ។
សម្តេចតេជោ បន្តថា, សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ ។ ដោយឡែកការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តងទៅ ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជាយើង ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
និយាយរួម សម្តេចតេជោ ហ៊ុនសែន បានបញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេម៣២ នៅកម្ពុជាទេ ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ពិតមែនតែចូលមើលស៊ីហ្គេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និង ច្រកចេញចូល ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា, ចាប់ពីខែ ៦ នេះទៅ ហាមមន្ត្រីរបស់យើងចេញក្រៅប្រទេស ។
សូមបញ្ជាក់ថា, របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖
១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។
៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។
៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។
៥-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
៦-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ ៖ សិលា