ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងបុកគ្នា ទាហាន៩នាក់ស្លាប់ នៅអាមេរិក

ចែករំលែក៖

ឧទ្ធម្ភាគចក្រពីរគ្រឿងប្រភេទ HH-60 Blackhawk មកពីកងពលទាហានអាកាសលេខ១០១ បានបុកគ្នាពេលកំពុងហោះហើរហ្វឹកហាត់បណ្តាលឱ្យទាហាន៩នាក់ស្លាប់ នៅតំបន់ Trigg រដ្ឋ Kentucky។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា កងទ័ពអាមេរិកបាននិយាយនៅថ្ងៃទី៣១ខែមីនាថា ទាហានចំនួន៩នាក់បានស្លាប់ពេលហ្វឹកហ្វឺនពេលយប់នៅលើរដ្ឋខេនទួគី (Kentucky) របស់សហរដ្ឋអាមេរិក ដែលជាឧបទ្ទវហេតុគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយរបស់យោធាអាមេរិក មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
សមាជិកពីឡុតដែលប្រើវ៉ែនតាសម្រាប់មើលពេលយប់បានធ្វើការហោះហើរដោយប្រើឧទ្ធម្ភាគចក្រ HH-60 និង Black Hawk ដែលដំណើរការដោយកងពលធំទី១០១ នៃកងទ័ពអាកាសអាមេរិក មុនពេលធ្លាក់នៅលើវាលស្រែមួយកន្លែងនៃតំបន់ទ្រីគ (Trigg) ក្នុងរដ្ឋ Kentucky កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ឧទ្ធម្ភាគចក្រមួយគ្រឿងមានទាហាន ៥នាក់ ខណៈមួយគ្រឿងផ្សេងទៀតមាន ៤នាក់នៅលើនោះ។ ឧទ្ធម្ភាគចក្រ HH-60 កែច្នៃពីឧទ្ធម្ភាគចក្រ Black Hawk ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការយោធាផ្សេងៗ រួមទាំងការវាយលុកតាមអាកាស និងការជម្លៀសផ្នែកវេជ្ជសាស្រ្តជាដើម។
លោកឧត្តមសេនីយ៍ទោ ចន លូបាស់ (John Lubas) ដែលជាមេបញ្ជាការរងនៃកងពលធំទទួលបន្ទុកប្រតិបត្តិការបាននិយាយថា រហូតមកដល់ពេលនេះគេដឹងបានតិចតួចប៉ុណ្ណោះពីមូលហេតុដែលឧទ្ធម្ភាគចក្រនោះធ្លាក់ ហើយលោកទទួលស្គាល់ថា លោកនៅមិនច្បាស់ទេថា តើឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនោះបានប៉ះទង្គិចគ្នាដែរឬអត់។ លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ក្រុមស៊ើបអង្កេតសុវត្ថិភាពយន្តហោះមកពីទីបញ្ជាការហ្វត រូកឃឺ (Fort Rucker) ក្នុងរដ្ឋអាឡាបាម៉ា (Alabama) នឹងមកពិនិត្យមើលទិន្នន័យក្នុងកុំព្យូទ័រនៅលើយន្តហោះដែលស្រដៀងគ្នានឹងប្រអប់ខ្មៅនៃយន្តហោះធម្មតា។
បើតាមការព្យាករធាតុអាកាសក្នុងតំបន់ហ្វត ខេមបែល (Fort Campbell) ដែលជាប់ព្រំប្រទល់រវាងរដ្ឋ Kentucky និងរដ្ឋធេនណេសស៉ី (Tennessee) មានផ្ទៃមេឃស្រឡះនិងស្ងប់ខ្យល់កាលពីយប់ថ្ងៃពុធ។ បន្ទាយ Fort Campbell របស់កងពលធំទ័ពអាកាសទី១០១ គឺជាមូលដ្ឋានយោធាដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៨ ក៏ធ្លាប់មានទាហានអាមេរិក២នាក់ស្លាប់ដោយសារតែធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេលហ្វឹកហាត់នេះដែរ៕ ដោយ៖ ធីរីណា

រូបថត៖ Getty


ចែករំលែក៖