ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងលើកទិសដៅការងារអាទិភាពឆ្នាំ២០២៣

ចែករំលែក៖

    ភ្នំពេញ​៖​ លោក​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​ថា៖​ លោក​ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល,​ លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ជាថ្នាក់ដឹកនាំលេខាធិការរដ្ឋបាលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ផងដែរ។

    លោក​ ជិន​ ម៉ាលីន​ បានថ្លែងបន្តថា​ សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារយុត្តិធម៌ប្រចាំឆ្នាំ និងកំណត់លើកទិសដៅការងារអាទិភាពឆ្នាំ២០២៣។ ជារួម, លទ្ធផលការងារយុត្តិធម៌ឆ្នាំ២០២២ ដែលសម្រេចបានរួមមាន៖ (១)-ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យវិស័យយុត្តិធម៌ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង-ស្ថាប័នផ្សេងទៀត ជាពិសេស លើជំពូក ឬផ្នែកស្តីពីទោសប្បញ្ញត្តិ, (២)-ការជួសជុលអគារទីស្តីការក្រសួងយុត្តិធម៌ និងការសាងសង់អគារសាលាយុត្តិធម៌ថ្មី ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ, (៣)-ការបណ្ដុះបណ្ដាល និងពង្រឹងធនធានមនុស្ស, (៤)-ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្តីឱ្យបានល្អ និងការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និង (៥)-ការចូលរួមចំណែកយ៉ាងសំខាន់របស់វិស័យយុត្តិធម៌ក្នុងការសម្រេចបាននូវបេសកកម្មដ៏ធំរបស់កម្ពុជា គឺការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដែលនេះជាបេសកកម្មដ៏ធំមួយក្នុងការពារប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា ពិសេស ការពង្រឹងតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

ទន្ទឹមនឹងសមិទ្ធផលធំៗខាងលើនេះ វិស័យយុត្តិធម៌ក៏នៅជួបប្រទេះបញ្ហាប្រឈមធំៗមួយចំនួនទៀត ដែលត្រូវរួមគ្នាដោះស្រាយផងដែរ សំដៅលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា។ សម្រាប់សន្និបាតនេះ, អង្គសន្និបាតបានលើកយកប្រធានបទចំនួន ២ ដែលជាទិសដៅកែទម្រង់ដ៏សំខាន់ក្នុងវិស័យយុត្តិធម៌ មកពិភាក្សា រួមមាន៖ ប្រធានបទទី១ ពាក់ព័ន្ធនឹងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដី និងប្រធានបទទី២ ពាក់ព័ន្ធនឹងទិសដៅការងារកែទម្រង់យុត្តិធម៌ខាងផ្នែកព្រហ្មទណ្ឌ និងយុត្តិធម៌ខាងផ្នែករដ្ឋប្បវេណី។

បន្ទាប់ពីអង្គសន្និបាតបានពិភាក្សាគ្នាយ៉ាងផុលផុសរយៈពេលពេញមួយថ្ងៃ, អង្គសន្និបាតបានឯកភាពគ្នាដាក់ចេញនូវទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣ របស់វិស័យយុត្តិធម៌ ដោយផ្តល់អាទិភាពលើការងារសំខាន់ៗ រួមមាន៖ (១)-ការពិនិត្យ និងវាយតម្លៃអំពីការវិសោធនកម្ម ឬបច្ចុប្បន្នភាពក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី, (២)-ការជំរុញបញ្ចប់ការរៀបចំ និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀតសម្រាប់វិស័យយុត្តិធម៌ រួមមាន ច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្តីពីអាជ្ញាសារ, ច្បាប់ស្តីពីលក្ខន្តិកៈសារការី, ច្បាប់ស្តីពីការគ្រប់គ្រងនិងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ជាដើម, (៣)-ការបន្តពង្រឹងសមត្ថភាពធនធានមនុស្ស, ការជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា, ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសេវាបកប្រែក្នុងដំណើរការនីតិវិធីតុលាការ, សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិកាសម្រាប់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី និង (៤)-ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។

ទន្ទឹមនេះ, ដើម្បីធ្វើឱ្យទិសដៅការងារអាទិភាពឆ្នាំ ២០២៣ របស់វិស័យយុត្តិធម៌នេះ កាន់តែមានភាពច្បាស់លាស់ និងកាន់តែមុតស្រួច, ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារអាទិភាពមួយចំនួនបន្ថែមទៀត ដូចតទៅ៖

*ទី១-អង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការងារប្រមូល និងគ្រប់គ្រងទិន្នន័យសំណុំរឿង ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី ដោយធ្វើការបែងចែកទៅតាមប្រភេទសំណុំរឿងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីដាក់ចេញនូវនយោបាយ និង វិធានការចាំបាច់នានាបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ទាំងលើការដាក់ចេញគោលនយោបាយព្រហ្មទណ្ឌ ទាំងលើការរៀបចំគោលនយោបាយផ្នែករដ្ឋប្បវេណី ដើម្បីអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គមជាតិ ។

*ទី២-ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមានគណៈកម្មការចំពោះកិច្ចមួយ ដើម្បីដឹកនាំ និងវាយតម្លៃអំពីការអនុវត្តក្រមទាំង ៤ ក៏ដូចជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធ សំដៅពិនិត្យមើលអំពីការលំបាកនានា ក៏ដូចជា ប្រសិទ្ធភាពក្នុងឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាពសង្គមជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការពិចារណាក្នុងការធ្វើវិសោធនកម្ម នាពេលខាងមុខ។

*ទី៣-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវ នូវសំណុំរឿងនានា ជាពិសេស ពាក់ព័ន្ធនឹងបទល្មើសដែលមានភាពរសើបក្នុងសង្គមជាតិ ដូចជា សំណុំរឿងពាក់ព័ន្ធនឹងបទលើ្មសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។ 

*ទី៤-ការជំរុញការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស និងស្មារតីទទួលខុសត្រូវខ្ពស់ នៅតាមសាលាជម្រះក្តីនៅទូទាំងប្រទេស ដើម្បីចៀសវាងកុំឱ្យស្ថានភាពនៃការកកស្ទះសំណុំរឿងនេះកើតឡើងជាថ្មី។

*ទី៥-គ្រប់អង្គភាពចំណុះក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងវិន័យការងារ និងក្រមសីលធម៌ តាមរយៈការអនុវត្តឱ្យបានតឹងរឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈនៃមន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

*ទី៦- ក្រសួងយុត្តិធម៌ នឹងបន្តពង្រឹងការជ្រើសរើស និងការបណ្តុះបណ្តាលមន្ត្រីក្នុងវិស័យយុត្តិធម៌ មុននឹងចាត់បញ្ជូនឱ្យទៅបម្រើការងារតាមអង្គភាពជំនាញក្នុងវិស័យយុត្តិធម៌ ទាំងនៅថ្នាក់កណ្តាល ទាំងនៅតាមអង្គភាពរដ្ឋបាលតុលាការ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ទន្ទឹមនេះ, សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួនផងដែរ តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងទៀត, មន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចសម្របខ្លួនបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័ស ក្នុងវិស័យច្បាប់ និង យុត្តិធម៌។

*ទី៧-ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ FATF ក៏ដោយ, សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ក្រុមការងារប្រឆាំងសម្អាតប្រាក់របស់ខ្លួន ក៏ដូចជា បន្តយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ឱ្យបានឆាប់រហ័ស និង ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីចៀសវាងនូវស្ថានភាពដែលកម្ពុជាអាចត្រូវបានដាក់ចូលក្នុងបញ្ជីប្រផេះរបស់ FATF សារជាថ្មីឡើងវិញ និងដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងកាន់តែមានជំនឿទុកចិត្ត។

*ទី៨-យន្តការជំនាញដែលមានការពាក់ព័ន្ធ ត្រូវបន្តសហការគ្នាពន្លឿនការរៀបចំឱ្យបានរួចរាល់នូវក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ស្តីពីសន្ធានកម្ម ដើម្បីបង្កើតឱ្យមាននូវយន្តការដោះស្រាយវិវាទតាមរយៈសន្ធានកម្ម និងវិជ្ជាជីវៈសន្ធានការីដែលជាវិជ្ជាជីវៈថ្មីក្នុងវិស័យច្បាប់ ដើម្បីរួមចំណែកក្នុងការបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋ, ជួយឱ្យមានការដោះស្រាយវិវាទដោយឆាប់រហ័ស ដោយអាចរក្សាបាននូវភាពសុខដុមរមនារវាងគូភាគីវិវាទ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តី៕

ដោយ​៖ស​ តារា


ចែករំលែក៖