ភ្នំពេញ ៖ រាជធានីភ្នំពេញត្រូវបានសាងសង់ឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត។ ភ្នំពេញគឺជាឈ្មោះដូនចាស់ម្នាក់ឈ្មោះពេញ។ ដូនពេញដែលជាមនុស្សគួរឲ្យគោរពស្រឡាញ់ពីអ្នកផងទាំងពួង និងប្រកបដោយសន្តានចិត្តសប្បុរសធម៌បានមកតាំងទីលំនៅត្រង់ម្តុំមាត់ទន្លេ«ចតុមុខ»ដែលជាទីប្រសព្វនៃទន្លេមេគង្គលើ,មេគង្គក្រោម, ទន្លេសាប និងទន្លេបាសាក់។ អង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត ‘សូមបញ្ជាក់ថា, អត្ថបទទាំងស្រុងបានដកស្រង់ចេញពីសៀវភៅ«ភ្នំពេញរាជធានីចតុមុខ»និងស្នាដៃរូបថត៖ 📷 កម្ពុជាមាតុភូមិខ្ញុំ -គឺលោក គឹម បញ្ញារ័តន៍។
ថ្ងៃមួយក្នុង គ.ស ១៣៧២ ភ្លៀងបានបង្អុរចុះមួយមេយ៉ាងធំធ្វើឲ្យទឹកទន្លេជន់លិចល្ហល្ហាច។ ពេលនោះដូនពេញដែលបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរដ៏ធំមួយដើមត្រូវបានទឹកទន្លេកួចអណ្តែតវិលវល់នៅក្បែរច្រាំង។ ឃើញដូច្នេះ ដូនពេញក៏ហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះមកលើគោក។ ពេលស្រង់ដើមគគីរចេញពីក្នុងទឹកបានហើយ ដូនពេញក៏ប្រទះឃើញព្រះពុទ្ធរូប៤ព្រះអង្គតូចៗធ្វើពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើពីថ្ម ស្ថិតនៅក្នុងប្រហោងឈើគគីរនោះ។
ដូនពេញមានសេចក្តីត្រេកអរឥតឧបមា ហើយក៏បានចាត់ការសង់ខ្ទមតូចមួយសម្រាប់តម្កល់វត្ថុជាទីសក្ការៈទាំងនោះទុកជាបណ្ដោះអាសន្ន។ ក្រោយមក ដូនពេញក៏អំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនជាកូនភ្នំមួយ ហើយបន្តិចម្តងៗ កូនភ្នំនោះក៏បានក្លាយទៅជាភ្នំដ៏ធំមួយ។ ដូនពេញក៏ចាត់ឲ្យគេសង់ព្រះវិហារមួយដើម្បីតម្កល់ព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ។ ចំណែកឯព្រះពុទ្ធរូបមួយអង្គទៀតដែលធ្វើពីថ្មក៏ត្រូវបានគេដង្ហែយកទៅតម្កល់ក្នុងអាសនៈមួយនៅឯជើងភ្នំប៉ែកខាងកើតនៃព្រះវិហារ។
បន្ទាប់ពីសាងសង់ព្រះវិហាររួចហើយ ដូនពេញក៏បាននិមន្តព្រះសង្ឃឲ្យមកគង់នៅលើជើងភ្នំនោះដែរ។ គឺចាប់តាំងពីពេលនោះហើយដែលទីតាំងនោះត្រូវបានគេហៅឈ្មោះថា«វត្តភ្នំដូនពេញ» ហើយដែលក្រោយមកត្រូវគេហៅកាត់ថា “វត្តភ្នំ” រហូតមកដល់សព្វថ្ងៃ។ ឈ្មោះលោកយាយពេញដែលជាអ្នកសាងសង់ទីក្រុងនេះក៏ត្រូវគេយកទៅប្រើជាឈ្មោះទីក្រុង«ភ្នំពេញ»ជារៀងរហូតមក។
ចំណែកឯចេតិយនៅលើកំពូលវត្តភ្នំក៏ត្រូវគេប្រើសម្រាប់តម្កល់អដ្ឋិធាតុរបស់ព្រះបាទពញាយ៉ាត និងគ្រួសារព្រះរាជវង្ស។
មុននឹងជ្រើសរើសយកទីនេះជារាជធានី ព្រះបាទពញាយ៉ាតបានសាងសង់ព្រះរាជវាំងលើកដំបូងនៅត្រង់ទន្លេចតុមុខ គឺនៅត្រង់ព្រះរាជវាំងសព្វថ្ងៃនេះតែម្តង។ ប៉ុន្តែ នៅឆ្នាំ១៤៩៧ រាជធានីត្រូវបានរើទៅតាំងនៅក្រុងអង្គរវិញ។ ឆ្លងកាត់ប្រវត្តិសាស្ត្របត់បែននៃប្រទេសជាតិ រាជធានីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។ រហូតដល់ក្នុងអំឡុងនៃរជ្ជកាលព្រះបាទនរោត្តម ពោលគឺនៅក្នុងឆ្នាំ១៨៦៥ ព្រះរាជវាំងថ្មីមួយត្រូវបានសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ។ ចាប់តាំងពីពេលនោះមក ភ្នំពេញក៏បានក្លាយជារាជធានីអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូតមក។
កាលពីដំបូងឡើយ ភ្នំពេញគ្រាន់តែជាភូមិអ្នកនេសាទតូចមួយដ៏ស្ងៀមស្ងាត់ដែលប្រជុំដោយផ្ទះសង់ពីស្បូវ ពីឬស្សី ឬក៏ពីឈើ ខ្ពស់ផុតពីដី។ រយៈកាលក្រោយមក ទីក្រុងនេះក៏បានស្គាល់អភិវឌ្ឍនភាពជាបន្តបន្ទាប់។ នៅចុងសតវត្សរ៍ទី១៩ អាណាព្យាបាលបារាំងបានធ្វើកិច្ចការជាច្រើនដូចជាការជីកទំនប់ ធ្វើរុក្ខវិថី និងសាងសង់ស្ពានតូចៗ ដែលធ្វើឲ្យភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតដាច់គេនៅក្នុងតំបន់។ សង្កាត់មួយត្រូវបានសាងសង់ឡើងនៅប៉ែកខាងជើងទីក្រុងដោយយកលំនាំតាមស្ថាបត្យកម្មអាណានិគមន៍បារាំង។ ផ្ទះត្រូវបានសាងសង់ជាជួរដែលមានផ្លូវខ្វាត់ខ្វែងអមដោយរុក្ខជាតិសងខាងផ្លូវ។ គឺក្នុងសម័យកាលនោះហើយដែលទីក្រុងភ្នំពេញបានក្លាយជា«ទីក្រុងគុជនៅអាស៊ី»។
នៅដើមសតវត្សរ៍ទី២០ ភ្នំពេញក៏កាន់តែរីកធំឡើងជាលំដាប់ ដោយបន្តិចម្តងៗ ប្រឡាយ និងស្ពានទាំងឡាយត្រូវបានជំនួសដោយសួនច្បារវិញ។ នៅឆ្នាំ១៩៣៥ ការដ្ឋានសំណង់ផ្សារថ្មីក៏ត្រូវបានចាប់ផ្តើមឡើង។ សំណង់ស្ថាបត្យកម្មបេតុងដ៏មហិមានិងប្រកបដោយមហិច្ឆតា ហើយដែលត្រូវបានសារព័ត៌មានអន្តរជាតិកោតស្ញប់ស្ញែងចំពោះភាពទំនើបរបស់វានោះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតនៃដំណើរការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ។
ក្រោយការទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ ព្រះប្រធានសង្គមរាស្ត្រនិយម យុវស្ថាបត្យករខ្មែរក៏បានបង្កើតស្នាដៃស្ថាបត្យកម្មឯកជាច្រើនដោយការលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបថ្មីដែលសម្របតាមនិន្នាការពិភពលោក ជាមួយនឹងស្ថាបត្យកម្មខ្មែរសុទ្ធសាធ។
សំណង់ស្ថាបត្យកម្មចម្រុះទាំងនេះហើយដែលផ្តល់ឲ្យទីក្រុងភ្នំពេញនូវរូបភាពជាទីក្រុងដ៏ទំនើបមួយ។ សំណង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ និងការតភ្ជាប់ភ្នំពេញទៅទីក្រុងព្រះសីហនុតាមរយៈផ្លូវរថភ្លើង បានធ្វើឲ្យភ្នំពេញក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ។
ប៉ុន្តែ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ ភ្នំពេញក៏បានធ្លាក់ក្នុងសុបិន្តដ៏អាក្រក់បំផុត។ ប្រជាពលរដ្ឋត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ ហើយរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ទីក្រុងភ្នំពេញបានក្លាយជាទីក្រុងខ្មោច។ ហេដ្ឋារចនាសម្ពន្ធ័ទាំងឡាយត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទាំគួរឲ្យសង្វេគ។
ថ្ងៃ៧មករា១៩៧៩ ភ្នំពេញត្រូវបានរំដោះចេញពីស្ថានភាពគួរឲ្យភ័យខ្លាចនេះ។ ភ្នំពេញក៏បានចាប់ផ្តើមមានជីវិតរស់រវើកឡើងវិញ។ ដោយការប្តេជ្ញាថានឹងមិនអនុញ្ញាតឲ្យទីក្រុងនេះធ្លាក់ក្នុងរបបប្រល័យពូជសាសន៍សារជាថ្មីម្តងទៀតនោះ អាជ្ញាធរ និងប្រជាពលរដ្ឋ បានផ្តើមស្តារ និងកសាងប្រទេសឡើងវិញយ៉ាងសកម្ម។ ក៏ប៉ុន្តែ កាលណោះ ពួកគេបានប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងនេះ។ សន្តិភាពពេញលេញទូទាំងប្រទេស និងការបង្រួបបង្រួមផ្សះផ្សារជាតិទើបតែបានទទួលនៅចុងទសវត្សរ៍១៩៩០ប៉ុណ្ណោះដោយសារនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក ការស្តារទីក្រុងភ្នំពេញឡើងវិញបានស្គាល់សន្ទុះយ៉ាងលឿនដែលធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់ថ្មីជាបន្តបន្ទាប់តាមរយៈសកម្មភាពដ៏គគ្រឹកគគ្រេងនៃការដ្ឋានសំណង់នានា។ ភ្នំពេញក៏បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទុន ក៏ដូចជាអ្នកទេសចរដែរ។
មិនយូរប៉ុន្មាន ស្នាមរបួសក្នុងអតីតកាលត្រូវបានព្យាបាល។ ភ្នំពេញក៏បានប្រែប្រួលមុខមាត់ថ្មីនៅលើវិថីប្រកបដោយភាពស្រស់បំព្រង និងកំពុងកសាងអនាគតរបស់ខ្លួនតាមរយៈភាពសម្បូរបែបនៃគំរោងនគរូបនីយកម្ម និងគំរោងអចលនទ្រព្យដ៏សម្បូរបែប ដែលផ្តល់កាលានុវត្តភាពថ្មីដល់«ទីក្រុងគុជអាស៊ី»មួយនេះឲ្យមានសន្ទុះឆ្ពោះទៅកាន់អនាគតដ៏រុងរឿងមួយដែលកំពុងទន្ទឹងរង់ចាំនៅពេលខាងមុខ៕
ដោយ ៖ សហការី