ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ សូមកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ គឺគ្មានប្រសិទ្ធភាពទេ !

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ជួបប្រទះនូវភាពអកុសលដែលបានផ្ដល់ឱ្យពីប្រទេសដែលតាំងខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យបានសាងកំហុសទី១ មកលើកម្ពុជាគឺការគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងកំហុសទី២ គាំទ្រខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបង្ហាញពាក្យ សុំទោស ឬសោកស្ដាយ ណាមួយចំពោះប្រជាជនកម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្តេចតេជោដឹកនាំប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ បានជួបភាពអកុសលជាច្រើន ស្ថានភាពនេះក៏ជាឱកាសបាន បង្ហាញពីសមត្ថភាពដោះស្រាយបញ្ហារបស់កម្ពុជាផងដែរ។ 

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់ពួកអ្នកឯងគ្មានប្រសិទ្ធភាពទេ មិនអាចរារាំងប្រជាជនកម្ពុជាបានទេ សូមផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងនោះកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ ព្រោះកម្ពុជាមិនដែលភ្លេចនោះទេ នូវមេរៀនដ៍ឈឺចាប់ដែលពួកអ្នកឯងបានផ្តល់មកអោយប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេស​ប្រជាធិប​តេយ្យ​កុំសាងកំហុសទី៣។ កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជា រួចមកហើយនោះ ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រទេសសាងកំហុសលើកម្ពុជា មិនដែលសម្តែងការសោកស្តាយ ឬសូមទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនងាយបំភ្លេចនូវកំហុស ដែលប្រទេសប្រជាធិបតេយ្យបានធ្វើមកលើកម្ពុជានោះឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖