ភ្នំពេញ៖ បង្កើតឱ្យមានការចាប់អារម្មណ៍មុននេះក្រោយពីផលិតកម្មឆ្លងដែនដែលបិទដំណើរការប្រមាណ២០ឆ្នាំកន្លងមកហើយនោះស្រាប់តែប្រកាសបើកដំណើរការឡើងវិញ ដោយបុរសម្នាក់បានអះអាងថា ខ្លួនជាកូនប្រុសអតីតថៅកែផលិតកម្ម។ មិនស្ងាត់បាត់មាត់ឡើយស្រាប់តែកូនប្រុសច្បងរបស់លោក ធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែនចេញមុខបដិសេធ ថែមទាំងចោទទៅកាន់បុរសខាងលើវិញថាជាចោរលួចបើកផលិតកម្មថ្មីទៀត។
បិទទ្វារអស់រយៈពេលជាង២០ឆ្នាំនោះលោកមុន្នី អះអាងថាជាកូនលោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ហើយប្ដេជ្ញាបើកផលិតកម្មមួយនេះឡើងវិញដោយទាំងបានប្រកាសជ្រើសរើសតារាចម្រៀងថ្មីផងដែរ។ លោកបានចេញមុខអះអាងថាខ្លួនជាកូនប្រុសបង្កើតរបស់លោក ធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន។ ការចេញមុខអះអាងលើបណ្តាញផ្សព្វផ្សាយនេះស្របពេលដែលលោកក៏បានប្រកាសអំពីការបើកដំណើរការឡើងវិញនូវផលិតកម្មរបស់ឪពុកដដែលគឺផលិតកម្ម ឆ្លងដែន ដែលធ្លាប់មានឈ្មោះបោះសំឡេងជាយូរមកហើយនោះ។ក្នុងការបើកដំណើរការឡើងវិញនេះដែរក៏មានស្នាដៃបទចម្រៀងមួយចំនួនចាប់ផ្តើមបញ្ចេញរួចរាល់ហើយដែរដោយបានបញ្ចេញទាំងបទចម្រៀងថ្មី និងMV និងប្រកាសជ្រើសរើសអ្នកចម្រៀងថ្មីបន្ថែមទៀតផង។ បុរសនោះក៏ថែមទាំងប្រកាសគម្រោងក្នុងការធ្វើសន្និសីទសារព័ត៌មាននៅអំឡុងដើមខែឧសភា ឆ្នាំ២០២៣នេះក្រោយពីបងស្រីបង្កើតរបស់លោកធ្វើដំណើរមកពីសហរដ្ឋអាមេរិក។ ស្របគ្នានឹងការចេញមុខរបស់បុរសខាងលើ ស្រាប់តែមុននេះលេចចេញបុគ្គល២រូបដែលជាមនុស្សសំខាន់និងជិតស្និទ្ធនឹងលោក ធឹង សុន ជាម្ចាស់ផលិតកម្មដែលបានទទួលមរណភាពនោះចេញមុខប្រតិកម្មដោយច្រានចោលការលើកឡើងរបស់បុរសខាងលើ។ ទី១គឺTonyson Tong ដែលកំពុងរស់នៅទីក្រុងឡងប៊ិក រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក និង អះអាងថាជាកូនច្បងរបស់លោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន បានចេញសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្មីៗនេះថា លោកមិនដែលស្គាល់ម្ចាស់ផលិតកម្មឆ្លងដែនថ្មីដែលអះអាងថាជាកូនរបស់ឪពុកលោកនោះទេ ហើយលោកថែមទាំងនិយាយទាំងឈឺចាប់ថាផលិតកម្មឆ្លងដែនដែលលោកឪពុករួមទាំងរូបលោកបានបង្កើតឡើងនោះ ពេល នេះកំពុងតែមានចោរមកប្លន់ដោយឥតអៀនខ្មាស ហើយលោកថែមទាំងដាក់សំណួរទៅអ្នកពាក់ព័ន្ធក៏ដូចជាឱ្យមហាជនពិចារណាថា រយៈពេល៤០ឆ្នាំនៅអាមេរិក ឪពុកលោកធឹង សុន មកលេងនៅខ្មែរតែ២ខែគត់ តើអាចទេដែលត្រឹម៦០ថ្ងៃឪពុកលោកមានកូនដល់ទៅ៩ នាក់នៅខ្មែរ? លោកTonyson Tong បានចេញសារភ្ជាប់ជាមួយរូបឡូហ្គោផលិតកម្មឆ្លងដែនថា ”នេះជាស្នាដៃឪពុករបស់លោក ដោយលើកឡើងថា មនុស្សអត់ចេះអៀនខ្មាស បើអ្នកជាកូនរបស់លោកឪពុក លោកមានអីជាសំអាង?លោកថា ឪពុករបស់លោកទៅស្រុកខ្មែរតែ២ខែក្នុងរយៈពេល៤០ឆ្នាំ ២ខែលោកមានកូនដល់ទៅ៩នាក់នៅខ្មែរ តើអាចមានដែរ? លោកថានៅមានបុគ្គលសំខាន់ម្នាក់ទៀតដែលអាចបញ្ជាក់រឿងនេះកាន់តែច្បាស់គឺលោក ប៊ី ប៊ុនធួក ជាបងជីដូនមួយរបស់លោក។ លោកថែមទាំងចំអកឱ្យថា បើចង់កុហកពិភពលោក លើកក្រោយរៀបផ្លូវកុហកឱ្យបានល្អ ហើយបើថាចង់បានប្រាប់លោកត្រង់ៗ លោកឱ្យFree បាន។
បុគ្គលទី២ដែលបានចេញមុខប្រតិកម្មផងដែរជុំវិញការលើកឡើងរបស់លោកម៉ានី គឺលោកគួច ខេវិន អតីតអគ្គនាយករងទូរ ទស្សន៍CTN ,Seatv និងEtv ដែលធ្លាប់សាងស្នាដៃជាច្រើនក្នុងការដឹកនាំសម្ដែងMV នៅផលិតកម្មឆ្លងដែនរាប់ពាន់បទ ហើយក៏ជាអ្នកធ្លាប់រាប់អានគ្នាយ៉ាងស្និទ្ធស្នាលជាមួយលោកធឹង សុន ក៏ដូចជាលោកTonyson Tong នោះបានចេញសារមុននេះថា”អស់សំណើច!អាក្អូនម្នាក់នេះបាននិយាយប្រាប់គេថា៖រូបគេជាកូនប្រុសរបស់លោកអ៊ំ ធឹង សុន ដែលពុំទាំងដឹងថាឪពុកអាយុប៉ុន្មាននៅ ពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតកផលិតកម្ម”ឆ្លងដែន”ដែលល្បីល្បាញតាំងតែពីទសវត្សឆ្នាំ៨០មកម្ល៉េះ។ បើគយគន់ទៅមើលរូបឆោមរបស់បុរសនេះធៀបគ្នាទៅនឹងលោកអ៊ំធឹង សុន ឬជាមួយនឹងកូនៗរបស់លោកធឹង សុន បីនាក់កំពុងរស់នៅអាម៉េរិកគឺដូចគ្នាមេឃហើយនឹងដី?។ តាមពិតទៅលោកអ៊ំធឹង សុន មានកូនតែបីនាក់គត់នឹងមានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយខ្ញុំដូចបងប្អូនបង្កើត ទោះជាខ្ញុំចាក ចេញពីអាម៉េរិកក្រែលឆ្នាំហើយក្តី ក៏យើងនិយាយគ្នាបាន ព្រឹកល្ងាច! ហើយបីនាក់នោះបដិសេដថា មិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់តែសោះ ។ បើកូនបង្កើតមិនស្គាល់បងប្អូនបង្កើត តើមានបងៗប្អូនៗ តារាចម្រៀងដែលធ្លាប់ច្រៀងឲ្យផលិតកម្មឆ្លងដែនណាខ្លះស្គាល់អន្ទិតម្នាក់នេះថាជា កូន លោកអ៊ំធឹង សុន? មេត្តាជួយប្រាប់ផង! ។ តាំងតែពីមុន លោកអ៊ំធឹង សុន អនិច្ចកម្មខ្ញុំបានទទួលសិទ្ធិពេញលេញក្នុងការផលិត និងដំណើរការផលិតកម្ម ”ឆ្លងដែន”បន្ទាប់ពីលោកណាំ គឹមឡេង គ្រប់គ្រងផលិតកម្ម”រស្មីនាគមាស”ដែល បំបែក ចេញពីផលិតកម្មឆ្លងដែន (មិនបាច់ បញ្ជាក់ឆ្នាំព្រោះបទចម្រៀងដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ)តែខ្ញុំមិនដែល មិនធ្លាប់ស្គាល់អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬអត់អាលីងហ្មង ថាជាកូនលោកអ៊ំធឹង សុន? មើលទៅ គិតទៅ ពិចារណាទៅ !ខ្ញុំអស់សំណើច! ប៉ុន្តែបើយោងទៅរកទិដ្ឋភាពផ្លូវច្បាប់ ទំនងជាពិបាកសើចចំពោះករណីនេះ! បើឈប់បានឈប់ទៅ?ហើយសុំទោសសាធារណជនផងណាអាក្អូន!”៕
(លោកTonyson Tong)
(លោក ខេវិន)
(លោក ម៉ានី ដែលអះអាងថាជាកូនលោកធឹង សុន)
(លោកពូធឹង សុន កាលនៅរស់)
ដោយ ៖ វឌ្ឍនា