ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ សំបុត្រឥតគិតថ្លៃត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្រាប់ចូលពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ ៖ ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៣០នាទីល្ងាច។

ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា, បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងរៀនសូត្រ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចិន និងបណ្តាប្រទេសផ្សេងៗ បានចុះឈ្មោះ និងបានមកយកសំបុត្រ ដោយផ្ទាល់ ឬតាមរយៈបងប្អូន សាច់ញាតិ មិត្តភក្ដិដែលរស់នៅក្នុងប្រទេស។

សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស សូមបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com

សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖