សារព័ត៌មាន AFP នៅថ្ងៃ ទី៣ ខែឧសភា ឆ្នាំ២០២៣ បានដកស្រង់ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃប្រទេសស៊ែប៊ីបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានយកកាំភ្លើងបាញ់គ្រូបង្រៀនរបស់ខ្លួន នៅសាលារៀនមួយកន្លែង ក្នុងទីក្រុងបែលហ្រ្កាដ មុនពេលធ្វើសកម្មភាពបាញ់ប្រហារទៅលើកូនសិស្សដទៃទៀត រួមទាំងសន្តិសុខរបស់សាលា ដែលជាលទ្ធផលបានផ្តាច់ជីវិតសិស្ស៨នាក់ និងសន្តិសុខម្នាក់។
ក្រសួងមហាផ្ទៃស៊ែប៊ីបានបន្តថា ក្មេងៗ៦នាក់ផ្សេងទៀត ព្រមទាំងគ្រូបង្រៀនខាងលើ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈប៉ូលិសបាននិយាយថា ក្មេងប្រុសជាខ្មាន់កាំភ្លើង ដែលជាសិស្សថ្នាក់ទី៧ ត្រូវបានចាប់ខ្លួន។ កងកម្លាំងសន្តិសុខស៊ែប៊ី ដែលបំពាក់ដោយអាវក្រោះនិងមួកការពារគ្រាប់ បានហ៊ុមព័ទ្ធតំបន់នៅជុំវិញសាលារៀននោះ ខណៈការស៉ើបអង្កេតកំពុងប្រព្រឹត្តទៅ ដើម្បីកំណត់អំពីចេតនានៅពីក្រោយសកម្មភាពបាញ់ប្រហារ។
ហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សរង្គាលបែបនេះ គឺជារឿងដ៏កម្រមួយនៅស៊ែប៊ី ដែលជាប្រទេសមានច្បាប់កាំភ្លើងយ៉ាងតឹងរ៉ឹង។ ទោះជាបែបនេះក្តី តំបន់បាល់កង់ខាងលិច គឺសម្បូរទៅដោយអាវុធខុសច្បាប់រាប់ពាន់រាប់ម៉ឺនដើម ក្រោយសង្រ្គាមនិងភាពវឹកវរ ដែលបានកើតឡើងកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ កន្លងមក អាជ្ញាធរស៊ែប៊ីធ្លាប់បានផ្តល់ការលើកលែងទោសប៉ុន្មានលើក សម្រាប់អ្នកកាន់កាប់កាំភ្លើង ដែលយល់ព្រមប្រគល់ឬចុះបញ្ជីអាវុធខុសច្បាប់របស់ពួកគេ៕ ដោយ៖ ធីរីណា
រូបថត ៖ AP