ព័ត៌មានទាន់ហេតុការណ៍៖

ជាអកុសល ! បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីដំាពោតប៉ះចំ មីនតោនផ្ទុះបណ្តាលឱ្យស្លាប់ គួរអោយសង្វេគ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មិននឹកស្មានថា មាននៅសល់មីនតោន ក្នុងចម្ការទាល់តែសោះ ទើបបុរសម្នាក់បានស្លាប់ ដោយសារបើកត្រាក់ទ័រភ្ជួរដីចម្ការប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះស្លាប់បែកសាច់ជាចម្រៀកៗ គួរអោយសង្វេគណាស់ ខណៈជួបរឿងអកុសលបែបនេះ ។

សូមបញ្ជាក់ថា, ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នៅចំណុចអូរត្រាង ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ង៉ែត ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានបើកត្រាក់ទ័រភ្ជួរដីចម្ការដើម្បីដាំពោតនៅចំណុចទីតាំងដែលមិនធ្លាប់ភ្ជួរដីពីមុនមកទេព្រោះជាទីតាំងលិចទឹក។ ជនរងគ្រោះយល់ឃើញថាឆ្នាំនេះអាកាសធាតុក្តៅយូរទឹកក៏រីងស្ងួតអស់ ទើបយកត្រាក់ទ័រភ្ជួរ ក៏បណ្ដាលឱ្យប៉ះត្រូវមីនតោនផ្ទុះស្លាប់បែកសាច់ទាំងតៃកុងនិងត្រាក់ទ័រតែម្តង។

ក្រោយកើតហេតុក្រុមគ្រួសារ សាច់ញាតិបានដឹកយកសាកសពដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
សូមបងប្អូនដែលមានចម្ការ តាមជាយដែន ឬតំបន់ ដែលធ្លាប់ជាកន្លែងសមរភូមិកន្លងទៅ មានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ឬមានករណី សង្ស័យណាមួយ រាយការណ៍ ជូន សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ដើម្បីអោយគាត់ ជួយអន្តរាគមន៍ អោយខាងជំនាញ ជួយបោសសំអាត ដោះ រើសយកគ្រាប់ មិនទាន់ផ្ទុះ ដើម្បីសុវត្ថិភាព។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ថា, នៅថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣​ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមបានសម្លាប់អ្នកបេីកបរត្រាក់ទ័រភ្ជួរដី​ និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង។ ករណីផ្ទុះគ្រាប់មីនតោននេះ​ កេីតឡេីងនៅភូមិសាស្ត្រចំណុចដំណាក់ចេក​ ភូមិឈេីទាល​ ឃុំសិរីមានជ័យ​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ដែលដីអតីត:សមរភូមិត្រង់ចំណុចនេះ​ ត្រូវបានរុករានប្រេីជាដីចម្ការតាំងពីសម័យធ្វេីសមាហណរកម្មឆ្នាំ១៩៩៨-១៩៩៩មកម្លេះ​ ពោលកាលពីជាង២៥ឆ្នាំមុន។ នេះជាករណីមួយក្នុងចំណោមករណីជាច្រេីន​ ដែលអ្នកជំនាញបច្ចេកទេសក្នុងវិស័យមីនត្រូវតែកំណត់គោលនយោបាយនិងបច្ចេកទេសបន្ថែមទៀត​ ក្នុងការបង្ការការពាររំដោះផ្ទៃដីអតីត:សមរភូមិប្រយុទ្ធ​ ដេីម្បីធានាសុខសុវត្ថិភាពជាចំបងសំរាប់អ្នកប្រេីប្រាស់ដីធ្លីនៅកម្ពុជា។ សូមចូលរួមសោកស្តាយនូវការបាត់បង់ជីវិតយុវជនជំនាន់ក្រោយដោយសារតែសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ​ និងសូមវិញ្ញាណខន្តជនរងគ្រោះបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ ៕

ដោយ៖ សហការី


ចែករំលែក៖