ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអ៊ុយក្រែនបានចាប់ផ្តើមការវាយលុករបស់ខ្លួនហើយនៅជុំវិញទីក្រុង Bakhmut

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣បានចុះផ្សាយថា ស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភាថា អ៊ុយក្រែនបានចាប់ផ្តើមការវាយលុករបស់ពួកគេ ហើយកំពុងខិតជិត Bakhmut ពីចំហៀង។
នៅពេលសួរដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី អំពីការវាយប្រហារតបតរបស់អ៊ុយក្រែន លោក Prigozhin បាននិយាយថា ប្រតិបត្តិការរបស់អ៊ុយក្រែន «ជាអកុសល បានទទួលជោគជ័យដោយផ្នែក»។
កងកម្លាំងរុស្ស៊ីដែលដឹកនាំដោយក្រុមទាហានស៊ីឈ្នួល Wagner បាននិងកំពុងធ្វើការវាយលុកយ៉ាងបង្ហូរឈាមដើម្បីដណ្តើមយកទីក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីរដូវក្តៅមុន។
កាលពីថ្ងៃពុធ ទាំងលោក Prigozhin និងយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងកៀវបានវាយប្រហារអង្គភាពទ័ពរុស្ស៊ីឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Bakhmut ក្នុងការឈានទៅមុខដ៏សំខាន់សម្រាប់អ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnamnet.vn


ចែករំលែក៖