ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង២០០គ្រួសារ រស់នៅស្រុកស្នួល​គ្រោងលើកគ្នាឡើងទៅតវ៉ា នៅភ្នំពេញ បើសិនជាអាជ្ញាធរបន្តឈូសឆាយដីចម្ការ​ ពួកគាត់ចែកឲ្យអ្នកផ្សេង

ចែករំលែក៖

ខេត្តក្រចេះ៖ ពលរដ្ឋជាង២០០គ្រួសារ រស់នៅក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គ្រោងលើកគ្នាមកតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបន្ត ឈូសឆាយដីចម្ការពួកគាត់យកទៅបែងចែកឲ្យពលរដ្ឋមួយក្រុមផ្សេងទៀតមកពី តាមបណ្តាខេត្តផ្សេងៗ ដែលធ្លាប់មាន ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ មេមត់។

ពលរដ្ឋបាននិយាយថា ដីចម្ការរបស់ ពួកគាត់មានគ្រួសារខ្លះមានដី៣ហិកតា និងគ្រួសារខ្លះទៀតមានដី៥ហិកតា ហើយ​ពួកគាត់បានចូលមក​អាស្រ័យផលដាំ ដំណា​ំផ្សេងៗ តាំងពីឆ្នាំ២០០២ និងគ្រួសា​រ​ខ្លះទៀត ចូលមកអាស្រ័យ​ផលលើដីនេះ ក្នុង​អំឡុងឆ្នាំ២០០៥។ ក្នុងនោះ​មាន​ គ្រួ​សា​​រខ្លះបានដាំដំណាំកៅស៊ូ ដំណាំ​ស្វាយ​ចន្ទី និងដំណាំរួមផ្សំផ្សេងៗ។

លោក ទិន​ ហួច អាយុជាង៤០ឆ្នាំ បាន​និយាយថា អាជ្ញាធរបានចាប់ផ្តើមយកគ្រឿងចក្រចូលឈូសឆាយ ដីចម្ការរបស់​ពួក​គាត់​នៅចំណុច ដេ៥ និងដេ៦ និងចំណុចគីឡូម៉ែត្រលេខ៩៤រហូតដល់គីឡូម៉ែត្រលេខ​១០៤ ដើម្បីវែកផ្លូវ ចូលវាស់វែងដី​របស​​់​អ្នកភូមិ ធ្វើជាដីសម្ប​ទាន​សង្គមកិច្ចយកទៅបែងចែកឲ្យពលរដ្ឋរាប់រយគ្រួសារ ផ្សេងទៀត ដែលជាពល​រដ្ឋ​ចំណាក​ស្រុក រស់នៅ​ខេត្ត​ផ្សេង និងធ្លាប់តវ៉ាក្នុងរឿង ទំនាស់ដីធ្លីជា មួយក្រុមហ៊ុនចម្ការកៅស៊ូ មេមត់ នៅក្នុង​ឃុំ២ធ្នូ ស្រុកស្នួល។

ពួកគាត់បានស្នើឲ្យអាជ្ញាធរ រកដីនៅ​តំបន់ផ្សេង ដែលមិនប៉ះពាល់ដល់​ពលរដ្ឋ ដើម្បីបែងចែកឲ្យពលរដ្ឋចំណាកស្រុកទាំងនោះ មិនត្រូវមកឆ្វៀលដីចម្ការរបស់អ្នក ភូមិដែលមានចំនួនជាង២០០គ្រួសារ ដែល​​មានដំណាំកៅស៊ូ ចន្ទី យកទៅបែកចែកឲ្យទៅពលរដ្ឋមួយក្រុមនោះទេ។

លោកបន្តថា នៅអំឡុងឆ្នាំ២០១៦ ក្រុមការងារថ្នាក់ស្រុក មានអភិ​បាល​រង​ស្រុក ខាងមន្ទីរសុរិយា​ដីស្រុក ធ្លាប់បាន ចុះស្រង់ស្ថិតិអ្នកភូមិទាំងជាង២០០គ្រួសារមួយដងជាពីរដង និងគ្រោងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀតផង។ តែពេលនេះ​រដ្ឋបាលសាលាខេត្តក្រចេះបានចេញ​សេច​​​​​​ក្តីជូនដំណឹង ដោយបដិសេធចោល​ទាំង ស្រុង ចំពោះការកាន់កាប់ដីធ្លីរបស់ពលរដ្ឋ ទាំង២១៨គ្រួសារ ក្រោមហេតុផល​ថា ពលរដ្ឋទាំងនោះបានចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយតម្រូវឲ្យ​ពួក​​​គាត់ ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅថ្នាក់ស្រុកទៅវិញ ។

ពួកគាត់បានអះអាងថា ពួកគាត់មិន ចាកចេញពីដីចម្ការរបស់ពួកគាត់នោះទេ ព្រោះបានចូលមកអាស្រ័យផល លើដី​ចម្ការ​ទាំងនោះចាប់តាំងពីឆ្នាំ​២០០០-២០០២ មកម្លេ៉ះ។ មិនតែប៉ុណ្ណោះពួកគាត់នឹងគ្រោងលើកគ្នាទៅតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបង្ខិតបង្ខំឲ្យពួកគាត់ចាកចេញពីដីចម្ការពួកគាត់។

គួររំលឹកថា ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ បានកើតជារឿងចម្រូងសម្រាសឥត​ឈប​់​ឈរជាច្រើនឆ្នាំ ខណៈដែលចំនួនពល​រដ្ឋ​ចំណាកស្រុកកាន់តែមានតួលេខកើន​ឡើង ហើយកាលពីខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅពលរដ្ឋទាំងនោះបានចេញមុខ​តវ៉ាបែបហិង្សា ជាមួយនិងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅពេលដែលក្រុម​ហ៊ុន​បាន​ដឹកគ្រឿងចក្រចូលក្នុងក្រុមហ៊ុនដើម្បីឈូស ឆាយក្រវាត់ព្រំដី។

ដោយការតវ៉ាកាលនោះក្រុមអ្នក តវ៉ាបានធ្វើសកម្មភាពបិទផ្លូវជាតិលេខ76អស់រយៈពេលជាច្រើនម៉ោងនៅចំណុចភូមិ ជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។ ពួកគេ ប្រដាប់ ដោយដបសាំង កាំបិត ដំបង ចម្ពាមគ្រាប់ ដែក បានប្រើហង្សាមកលើ ក្រុមសមត្ថកិច្ចដែលចុះទៅការពារទៀតផង។

ក្នុងស្ថានភាពតានតឹងនៃការតវ៉ារហូតឈានឲ្យមានការប៉ះទង្គិចសមត្ថកិច្ច បានសម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់ ដើម្បី គំរាមទើបបែកហ្វូងក្រុមអ្នកតវ៉ា។ រហូត មកដល់ពេលនេះ អាជ្ញាធរខេត្តក៏ សម្រេច ឆ្វៀលដីពលរដ្ឋ ដែលមានដំណាំ ចន្ទី ដំណាំកៅស៊ូរបស់ពលរដ្ឋចំនួន២១៨ គ្រួសារ ដែលបានចូលអាស្រ័យផលលើដីចម្ការទាំងនេះរាប់សិបឆ្នាំហើយនោះធ្វើ​ជា​​​ដីសម្បទានសង្គមកិច្ចយកទៅបែងចែក​​​​​ឲ្យក្រុមអ្នកតវ៉ា ដែលជាពលរដ្ឋចំណាក ស្រុកទាំងនោះទៅវិញ៕ នរិន្រ្ទ


ចែករំលែក៖