ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រ ជិនយី ជាង៤០០០នាក់ធ្វើកូដកម្មមិនចូលធ្វើការ ក្រោយពីថៅកែបើកប្រាក់ខែមិនទៀងទាត់ឲ្យពួកគេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការនីប្រមាណជាង៤០០០នាក់ បានប្រមូលផ្តុំគ្នានៅពីមុខ បរិវេណរោងចក្រ បានធ្វើកូដកម្មមិនព្រមចូលធ្វើការ ដើម្បីតវ៉ាទាមទារឲ្យថៅកែរោងចក្រជិនយីបើកប្រាក់ខែឲ្យបានប្រាក់ខែឲ្យបានទៀងទាត់ពេលវេលា ។

ការតវ៉ារបស់កម្មករ នេះគឺបានធ្វើឡើងកាល នៅវេលាម៉ោង៧ ថ្ងៃទី៩ មករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រ ជិនយី ដែលស្ថិតនៅក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពងឆ្នាំង។

ក្រុមកម្មករបានឈរប្រមូលផ្តុំគ្នាកាន់តែច្រើនទៅៗ ហើយស្រែកយ៉ាងខ្លាំងៗទៅថៅកែរោងចក្ររបស់ខ្លួន ដោយទាមទារឲ្យថៅកែពន្លឿននៃការបើកប្រាក់ខែឲ្យបានទាន់ពេលវេលា ដោយស្នើសុំឲ្យបើកប្រាក់ខែនៅថ្ងៃទី១០នៃខែនីមួយៗ ។ ក្រុមកម្មករ បានលើកឡើងទៀតថា រោងចក្រជិនយី កន្លងមកបើកប្រាក់ខែពុំដែលទៀងទាត់នោះទេ ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ យូៗទៅចង់ពាក់កណ្តាលខែទើបបើកឲ្យកម្មករ កម្មការនី ដោយសាតែករណីនេះហើយធ្វើបងប្អូនខាងកម្មករ កម្មការនី ពិបាក ក្នុងការចំណាយចាយវាយផ្សេងៗ ក្នុងការដោះស្រាយជីវភាព ប្រចាំថ្ងៃ ។ ទើបនាំគ្នាចេញមកធ្វើការតវ៉ាដូច្នេះ ។

ដោយសារតែខាងពីថៅកែរោងចក្រមិនព្រមចេញមកជួបចចារជាមួយកម្មករ កម្មការនី ទើបធ្វើឲ្យកម្លាំងកម្មករ កម្មការនីបានប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗ ។ ដោយសារការជួបជុំប្រមូលផ្តុំរបស់កម្មករ កាន់តែច្រើនឡើងៗ មានតំណាងថៅកែរោងចក្របានចេញជួបពិក្សាការងារជាមួយតំណាងកម្មករ កម្មការនីរោងចក្រ ។

ក្នុងកិច្ចពិភាក្សាជាមួយតំណាងកម្មករ កម្មការនី ភាគីខាងថៅកែបានស្នើសុំទៅកម្មករ កម្មការនីឲ្យបើកប្រាក់ខែ រៀងរាល់ថ្ងៃ១២ នៃខែនីមួយៗ ប៉ុន្តែតំណាងកម្មករ មិនព្រមនោះទេ នៅតែទាមទារឲ្យម្ចាស់រោងចក្របើកប្រាក់ខែឲ្យបាននៅថ្ងៃទី១០ នៃខែនីមួយៗ ដដែល ។

ក្រោយពីពិភាក្សារវាងតំណាងកម្មករ និង តំណាងម្ចាស់រោងចក្ររួចមក ខាងកម្មករ បានរំសាយចេញពីកន្លែងរោងចក្រជាបណ្តោះអាសន្នសិន បើទោះបីជាការចរចារនេះមិនបានត្រូវគ្នាក៍ដោយ ។

ពាក់ព័ន្ធនិងករណីនេះ លោកពៅ ស៊ីថា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានឲ្យប្រាប់នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះថា ករណីនេះ មិនមែនជាករណីធំដុំនោះប៉ុន្មាននោះទេ គ្រាន់តែភាគីទាំងសងខាងនៅមិនយល់គ្នាហើយការតវ៉ារបស់កម្មករ គឺនិយាយពីពេលវេលានៃការបើកប្រាក់ឈ្នួល តែប៉ុណ្ណោះ ដោយខាងកម្មករសុំបើកថ្ងៃ១០ ឯខាងម្ចាស់រោងចក្រសុំបើកថ្ងៃ១២ ហើយមូលហេតុដែលសុំបើករហូតដល់ថ្ងៃទី១២នោះ គឺដោយសារតែលុយ វិលមកមិនទាន់ ។

ដើម្បីបញ្ចប់ករណីនេះ ខាងមន្រ្តីជំនាញរបស់មន្ទីរការងារនឹងបន្តចុះទៅសម្របសម្រួលនៅថ្ងៃស្អែកបន្តទៀត រហូតមកដល់រសៀលនេះ កម្មករ កម្មការនីបានត្រឡប់ទៅផ្ទះវិញអស់ហើយ ៕ ចន្ថា


ចែករំលែក៖