ព័ត៌មានទាន់ហេតុការណ៍៖

ការតែងតាំងលោកសេង សុខណាក់ ជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ខេត្តព្រះសីហនុ ធ្វើឲ្យថ្នាំងថ្នាក់សតិអារម្មណ៍មន្ត្រីរាជការនៅក្នុងការិយាល័យនៃមន្ទីរជំនាញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការផ្លាស់ប្តូរ ផ្ទេរភារកិច្ចចូលកាន់មុខតំណែងជាប្រធាន, អនុប្រធានមន្ទីរ និងប្រធានការិយាល័យរៀបចំដែនដី និងភូមិបាល ក្រុង.ស្រុក នៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ទាំងចង្កោម ដែលជាលើកទី១ សម្រាប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កន្លងមក ទាំងតក់ក្រហល់តាមដីកាសម្រេចរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ លេខ០០២/១៨ ចុះថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ និងយោងតាមការសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្ទេរភារកិច្ចដក លោកនួន ប៉ុក ចេញពីមុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ឲ្យទៅទទួលមុខតំណែងធំជាងមុន ជាអនុប្រធាននាយកដ្ឋានបទបញ្ញត្តិផែនការ និងទំនាក់ទំនងសហប្រតិបត្តិការ.ការងារលំនៅដ្ឋានចំណុះអគ្គនាយកដ្ឋាន លំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងបានតែងតាំងជុំនួសមកវិញជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុដោយលោក ចេង ស្រុង ដែលពីមុនមានមុខងារធំក្នុងការដើរត្រួតមើលតាមមន្ទីរជំនាញទាំង២៥រាជធានី ខេត្ត.ក្រុងគឺជាប្រធាន នាយកដ្ឋានអធិការកិច្ចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មកធ្វើជាប្រធានមន្ទីរខាងលើ ដែលមានមុខងារតូចតាច ជាងមុខងារមុន ។

ប្រភពផ្តល់ព័ត៌មានពីមន្ត្រីរាជការ តូចតាចនៅក្នុងមន្ទីរជំនាញខាងលើក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថានៅក្នុងពិធីខាងលើនេះអ្វី ដែលគួរឲ្យចាប់អារម្មណ៍គួរឲ្យកត់សំគាល់នោះត្រង់ថា ការតែងតាំងលោកសេង សុខណាក់ ពីអនុប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលស្រុកព្រៃនប់មកជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានធ្វើឲ្យមានការថ្នាំងថ្នាក់ប៉ះពាល់ដល់សតិអារម្មណ៍មន្ត្រីរាជការនៅក្នុងការិយាល័យ នៃមន្ទីរជំនាញខាងលើ ដែលមន្ត្រីជាថ្នាក់ដឹកនាំខ្លះបានខិតខំបំពេញកាត្តព្វកិច្ចលើមុខជំនាញមានអតីតភាពកាងារជាច្រើនឆ្នាំកន្លងមក ហើយបែរជាមិនបានទទួលការតម្លើងមុខងារជាអនុប្រធានមន្ទីរតាមពេលវេលាខាងលើ ដូចអ្នក ដែលទទួលបានការតែងតាំង សូម្បីតែអាយុ និងអតីតភាពបទពិសោធន៍ការងាក៍នៅក្មេងខ្ចីជាង មន្ត្រីជាថ្នាក់ដឹកនាំមុនៗដែរ ។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថាអ្វី ដែលគួរឲ្យកត់សំគាល់ជាងនេះទៅទៀត ជារៀងរាល់ពេលផ្ទេរភារកិច្ច រុះរើ ដោះដូរប្រធានមន្ទីរជំនាញខាងលើគេតែងតែសង្កេតឃើញ លោកប្រធាន ដែលទទួលបានតំណែងថ្មីតែងតែរុះរើយកចេញដូចជា ទ្រួនទទួលទេវត្តា វាយរបងបើកច្រកចូលថ្មី ។ ល ។ បើគិតមកទល់ពេលតែងតាំងប្រធានមន្ទីរជំនាញខាងលើរាប់ទាំងពេលនេះមានចំនួន០៥រូបរួចមកហើយ ជាមួយគ្នា និងការដោះដូរទ្រួនទទួលទេវត្តាអស់ចំនួន០៥ និងការវាយរបងបើកច្រកចូលក៍អស់ចំនួន០៥ចន្លោះរួចមកហើយដែរ ។ បើតាមការសន្និដ្ឋាន របងបេតុងខាងមុខមន្ទីរជំនាញខាងលើ ដែលមានប្រវែងប្រមាណជា៥០ម៉ែត្រ បន្ទាប់ពីមានការផ្ទេរ និងដោះដូរប្រធានមន្ទីរនាពេលកន្លងមក និងដោយសារតែរងការវាយបើកច្រកចូលញឹកញាប់ពេកអាចបណ្តាលឲ្យបង្គោលគ្រឹះរបងរង្គោះរង្គើរលែងរឹងមាំដូចដើម ។

ប្រភពខាងលើបានបញ្ជាក់ថា បើដោះដូរថ្នាក់ដឹកនាំជាប្រធានមន្ទីរហេតុអី ក៍ចាំបាច់វាយរបងដោះដូរច្រកចូលដែរ ?មន្ត្រីរាជការ និងប្រជាពលរដ្ឋចង់ដឹងថាសកម្មភាពខាងលើតើជាតម្រូវការរបស់ក្រសួង ឬក៍ជាការយល់ឃើញរបស់លោកប្រធាន ដែលបានឡើងកាន់មុខតំណែងថ្មី? ម៉្យាងទៀតការវាយរបងបើកច្រកចូល និងសាងសង់ថ្មីវិញ ត្រូវចំណាយថវិការាប់ពាន់ដុល្លារ តើថវិកាចំណាយដដែលៗទាំងនោះជាថវិកាផ្ទាល់ខ្លួន ឬមួយជាថវិកាមាននៅក្នុងគំរោងចំណាយរបស់ថវិកាថ្នាក់ជាតិ..?

ជុំវិញការលើកឡើងខាងលើ ភ្នាក់ងារអ្នកយកព័ត៌មាន បានទំនាក់ទំនងតាមទូរស័ព្ទសុំការបកស្រាយពីលោកទ្រី ឆាយហុក ដែលទើបទទួលបានមុខតំណែងជាអនុប្រធានមន្ទីខាងលើលោកបានប្រាប់ថា ជាប់ប្រជុំ ដោយឡែកលោកចេង ស្រុងប្រធានមន្ទីររៀបចំដែនដីនគរូបនីហកម្មសំណង់ និងសុរិយោដី ទូរស័ព្ទលោកកំពុងតែជាប់រវល់រហូតតែម្តង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖