ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនវៀតណាម៧នាក់ ក្លែងឯកសាររថយន្ត៣គ្រឿងចូលមកកម្ពុជា

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ព្រមទាំងរថយន្តផលិតនៅប្រទេសកូរ៉េ ៣គ្រឿង នៅចំណុចភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាម៉ោង៤ល្ងាច ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដែលរថយន្តទាំងនេះពុំមានឯកសារត្រឹមត្រូវ។

ប្រភពពីនគរបាលចរាចរ ស្រុកកោះញែក បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់និងរថយន្ត៣គ្រឿងខាងលើនេះ ពួកគេប្រើប្រាស់រថយន្តធុនធំដឹកទំនិញពុំមានឯកសារគ្រប់គ្រាន់ ហើយត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីភ្លាមៗផងដែរ។

រីឯប្រភពផ្សេងមួយទៀត បានបង្ហើបថា មូលហេតុនៃការឃាត់នោះ ដោយសារតែរថយន្តវៀតណាមខាងលើចូលមកដល់កម្ពុជា បំពាក់ស្លាកលេខខ្មែរក្លែងក្លាយខណៈដែលសមត្ថកិច្ចស្រាវជ្រាវដឹងថារថយន្តទាំងនេះ ពាក់ស្លាកលេខរថយន្តមកពីប្រទេសវៀតណាមទេនោះ។

ទាក់ទិនករណីនេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តរតនគិរី ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបញ្ជាក់បានទេ កាលពីរសៀល ថ្ងៃទី១ សីហានេះខណៈដែលករណីនេះមានការលើកឡើងថា បើគ្រាន់តែរថយន្តទាំងនោះ ចូលមកដឹកអ្វីនៅស្រុកកោះញែកសោះ ចាំបាច់ក្លែងបន្លំឯកសារនិងផ្លាស់ប្តូរស្លាកលេខធ្វើអ្វី ?៕ សហការី


ចែករំលែក៖