ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៤នាក់ដកហូតបានថ្នាំញៀននិងអាវុធ

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅចេញល្បាតនៅពេលយប់ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន០១កញ្ចប់ និងជំពាមកៅស៊ូ២ដើម កាលពីវេលាម៉ោង១ និង២០នាទីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលត្រូវបានចាប់ខ្លួននោះ​ទី១-ឈ្មោះ រុន ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងឡាននិងម៉ូតូ ទី២-ឈ្មោះ ផុន វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទី៣-ឈ្មោះ ឈិន ប៉ាវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី៤-ឈ្មោះ រដ្ឋ ធានី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៤នាក់មានទលំនៅភូមិព្រែជើងព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ,ជំពាមកៅស៊ូចំនួន០២ ,ទូរស័ព្ទដៃ០១គ្រឿង ,ប្រាក់រៀលចំនួន១៧០០រៀល និងម៉ូតូមួយគ្រឿងម៉ាកហុងដាMoove ពណ៌ក្រហម ពាក់ស្លាកលេខ 1F-1617 ។

ប្រភពដដែលបានបន្តថា នៅពេលវេលាកើតហេតុកម្លាំងនគរបាល នៃស្នងការនគរ​បាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចេញល្បាតតាមដងផ្លូវ ខណៈនោះ​បានប្រទះឃើញក្រុមជនសង្ស័យ៥នាក់ឈរក្បែរម៉ូតូ ។ ភ្លាមៗនោះសមត្ថកិច្ចបានចូលទៅ ក៏ត្រូវជនសង្ស័យម្នាក់ដឹងខ្លួនរត់គេចខ្លួនបាត់ រីឯ៤នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនឆែកឆេររកឃើញមានវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖