ព័ត៌មានទាន់ហេតុការណ៍៖

តំណាងភាគីអឺរ៉ុបមិនចុះហត្ថលេខាលើសេចក្តីប្រកាសរួមធ្វើឡើងដោយចិននោះទេ

ចែករំលែក៖

នៅក្នុងវេទិកាអន្តរជាតិស្តីអំពីសេដ្ឋកិច្ច ឬហៅថា «ផ្លូវមួយ ខ្សែក្រវាត់មួយ ឬវិថី ក្រាលសូត្រ» ដែលរៀបចំឡើងដោយរដ្ឋាភិបាលចិនមិនសូវទទួលបានជោគជ័យនោះឡើយ បើទោះបីមានការគាំទ្រពីប្រទេសជាសម្ពន្ធមិត្តរបស់ចិនក្តី។ ប៉ុន្តែ ជាលទ្ធផល តំណាងភាគីអឺរ៉ុបជាច្រើនបានធ្វើពហិការមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួមដែលស្នើឡើងដោយចិននោះទេ។

វេទិកានោះគឺជាឱកាសមួយដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបង្ហាញខ្លួនថាចិនជារនាំងទប់ស្កាត់នឹងនយោបាយការពារប្រយោជន៍។ ចិនមានគម្រោងប្រើប្រាស់សម្រាប់ជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ដែលប្រធានាធិបតីអាមេរិកបានដកខ្លួនចេញហើយនោះ។

នៅក្នុងវេទិកាបានប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រមាណជិត៣០ប្រទេស។ វេទិកាដែលត្រូវបានបិទបញ្ចប់នៅល្ងាច ម្សិលមិញនេះ គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមបង្ហើយជាច្រើនទាក់ទងនឹងការផ្តល់ហិរញ្ញវត្ថុ ទំនាក់ទំនងរវាងប្រជាពល រដ្ឋ នឹងវិស័យពាណិជ្ជកម្មរវាងចិននឹងក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុបដូចជា អាល្លឺម៉ង់, បារាំង, អេស្តូនី, ក្រិក, ព័រទុយ ហ្កាល់ និងអង់គ្លេស។

ប៉ុន្តែអឺរ៉ុបដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃរដ្ឋជាសមាជិកតិចតួចបំផុតចូលរួមក្នុងជំនួបនេះ (លើកលែងតែអេស្ប៉ាញ, អុីតាលី, ក្រិក, ប៉ូឡូញ, ហុងគ្រី និងសាធារណ រដ្ឋឆេក) បានសម្រេចចិត្តជាសមូហភាព មិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួមនោះទេ ព្រោះពួកគេយល់ថា ខ្លឹមសារ អត្ថបទមិនបានចែងអំពីចំណុចព្រួយបារម្ភរបស់អឺរ៉ុបដែលចង់បានតម្លាភាពនៃទីផ្សារសាធារណៈ ឬបទដ្ឋានសង្គម និងបរិស្ថាន។

បើតាមប្រភពដដែលឯកសារថ្មីនេះ មានលក្ខណៈអន់ថយជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិមុនៗដែលចិនធ្វើជាមួយដៃគូអឺរ៉ុបផ្សេងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៅទៀត។ តំណាងអ្នកចរចាចិនបានពន្យល់ប្រាប់ដៃគូអឺរ៉ុបតាំងពី សប្តាហ៍មុនម្ល៉េះថា គេមិនអាចកែប្រែសេចក្តីថ្លែងការណ៍នោះបានឡើយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាល្លឺម៉ង់បានធ្វើដំណើរទៅប៉េកាំងដើម្បីទាមទារឱ្យចិនធានាបើកទីផ្សារសេរី និងមានសមភាព។ ចំណែកបារាំងប្រធានាធិបតីជាប់ឆ្នោតថ្មីបានសរសេរលិខិតជូនលោក ស៊ី ជីនពីង ថាបារាំងត្រូវការមានទំនាក់ទំនងធូរស្បើយ និងទុកចិត្តគ្នាជាមួយចិន៕ ម៉ែវ សាធី


ចែករំលែក៖