ព័ត៌មានទាន់ហេតុការណ៍៖

ទាហានស៊ីរីរកឃើញខ្លាំងអាវុធរបស់ក្រុមIS ផលិតនៅក្នុងប្រទេសអុីស្រាអែល

ចែករំលែក៖

កម្លាំងទាហានស៊ីរីទើបតែរកឃើញអាវុធផលិតនៅក្នុងប្រទេសអុីស្រាអែល តំបន់ខ្ពង់រាបហ្គោឡែន ដែលក្រុមភេរវកម្ម IS ប្រើប្រាសក្នុ់ងការវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី។

ក្រោយពេលកម្លំាងទាហានអ៊ិស្លាម IS បាត់បង់ទឹកដីចុងក្រោយដែលធ្លាប់គ្រប់គ្រងនៅតំបន់ភាគខាងលិច Dara’a កម្លាំងទាហានរដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមយុទ្ធនាការបោសម្អាតទីតាំងដែលទើបដណ្តើមបានដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។

កម្លាំងទាហានស៊ីរី SAA ក៏បានរកឃើញឃ្លាំងអាវុធដ៏ធំមួយរបស់ក្រុម IS ដែលភាគច្រើនជាអាវុធផលិតនៅក្នុងប្រទេសអុីស្រាអែល។ ឃ្លាំងអាវុធដែលបានរកឃើញស្ថិតនៅក្នុង ស្រុក Koya និងស្រុក Qusayer ដែលជាតំបន់ចុងក្រោយរំដោះបានពីដៃក្រុមភេរវកម្ម។

អាវុធដែលផលិតនៅក្នុងប្រទេសអ៊ិស្រាអែល ក្នុងនោះមានគ្រាប់រំសែវ អាវុធបាញ់រថក្រោះ កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ និងអាវុធផ្សេងៗទៀតជាច្រើន។ ក្រៅពីនេះទាហានស៊ីរីក៏បានរកឃើញសម្ភារសុខាភិបាល និងស្បៀងអាហារ ផលិតនៅក្នុងប្រទេសអ៊ិស្រាអែល និងសាឌីអារ៉ាប៊ីនៅក្នុងស្រុកទាំងពីរខាងលើ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ រដ្ឋមន្ត្រីការពារជាតិអ៊ិស្រាអែលលោក Lieberman នៅថ្ងៃទី២ ខែសីហា បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជ័យជម្នរបស់រដ្ឋាភិបាលស៊ីរី គឺជាព័ត៌មានល្អសម្រាប់អ៊ិស្រាអែល ដោយសារតែប្រធានាធិបតី អាល់អាសាដ ជាបុគ្គលដែលអាចសហការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់។

មានប្រសាសន៍ស្តីពីការប្រឈមមុខដាក់គ្នាជាយូរណាស់មកហើយរវាងអ៊ិស្រាអែល នឹងស៊ីរី រដ្ឋមន្ត្រីការពារជាតិអ៊ិស្រាអែលបានបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ន កំពុងតែវិលត្រឡប់ទៅកាន់សភាពដើមដូចកាលពីមុនសង្គ្រាមកើតឡើងនៅក្នុងប្រទេសស៊ីរី។

នេះជាសកម្មភាពមិនធ្លាប់មានពីមុនមកឡើយ ដែលអ៊ិស្រាអែលបានបន្ទន់ឥរិយាបទទៅលើស៊ីរី ក្រោយពេលរដ្ឋាភិបាលស៊ីរី បានយកឈ្នះទាំងស្រុងទៅលើក្រុមភេរវកម្មក្រោមការជួយអន្តរាគមន៍ពីក្រោយរបស់រុស្ស៊ី។

ពាក់ព័ន្ធនឹងការរកឃើញអាវុធរបស់អ៊ិស្រាអែលនៅក្នុងឃ្លាំងអាវុធរបស់ក្រុម IS មកទល់ពេលនេះ ភាគីអ៊ិស្រាអែលមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ទាំងនោះឡើយ។

កន្លងមករដ្ឋាភិបាលស៊ីរី និងអ្នកវិភាគតែងតែចោទប្រកាន់អាមេរិក និងសម្ពន្ធមិត្តអ៊ិស្រាអែលគឺជាអ្នកនៅពីក្រោយខ្នងជួយដល់កម្លាំងភេរវកម្ម បន្តធ្វើសង្គ្រាមវាយប្រហារជាមួយទាហានរដ្ឋាភិបាលស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖