ព័ត៌មានទាន់ហេតុការណ៍៖

ទៅចងក្របីនៅក្រោយផ្ទះត្រូវ​ជន​ល្មោភកាម​ចាប់​ដោះ​ខោអាវ បម្រុង​រំលោភតែមិនបាន​សម្រេច​

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្ត្រី​វ័យ៤០ឆ្នាំ​ម្នាក់ ត្រូវ​ជន​ល្មោភកាម​ចាប់​ដោះ​ខោអាវ បម្រុង​រំលោភ ខណៈ​ស្ត្រី​រងគ្រោះ​ទៅ​ដឹក​ក្របីទៅចងនៅ​ក្រោយផ្ទះ តែសំណាងល្អរើបម្រាស់រួច រត់ទៅប្តឹងសមត្ថកិច្ច ឲ្យជួយធ្វើអន្តរាគមន៍ទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង៦ព្រលប់ ថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លំនៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មន្តី្តនគរបាលប៉ុស្តិ៍រដ្ឋបាល ទួលសំបួរ បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឡ-ស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។

ស្រ្តីរងគ្រោះបានឲ្យដឹង​ថា នៅវេលា​កើតហេតុ​ខាងលើ ខ្លួនគាត់​បាន​ទៅ​ដឹក​ក្របីទៅចងនៅ​ក្រោយ​ផ្ទះ ហើយ​ពេលនោះស្រាប់តែឈ្មោះ ហ៊ាង ណាន ភេទ​ប្រុស​អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នាមិនដឹងមកពីណាបានស្ទុះ​ចាប់ដៃ​គាត់​ជាប់រួចដៃម្ខាងដោះ​ខោអាវ​ប្រុងគាត់បម្រុងចាប់រំ​លោភ តែគាត់​បានស្រែកនិង​ប្រតាយប្រតប់ជាមួយជនសង្ស័យ គាប់ជួនមាន​បងប្អូន​នៅក្បែរនោះច្របាច់​ពិលចំ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏រត់គេចខ្លួន​បាត់។

ស្រ្តរងគ្រោះបានឲ្យដឹងទៀតថា ក្រោយកើតហេតុគាត់បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសំបួរ ហើយកម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ រហូត​ឈាន​ការឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ដើម្បី​សាកសួរ​និងកសាង​សំណុំរឿង​តាម​នីតិវិធីតែម្តងទៅ៕ សហការី


ចែករំលែក៖