ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យប្រុសស្រី៩នាក់ជាមុខសញ្ញាលួចឆក់ មុននិងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ ជាចោរលួចគាស់ផ្ទះយកម៉ូតូ និងជាមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ជាសារធាណៈក្រោយពីឃាត់ខ្លួនបានជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានថ្លែងប្រាប់ព័ត៌មានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៩នាក់ខាងលើ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះឈ្មោះ ធល សុខា ភេទប្រុស អាយុ៤៥ឆ្នាំ ជានគរបាល នៅចំណុចផ្ទះលេខ៥៣៨ ផ្លូវបេតុងបុរីចំការដូង២ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង។

ក្រោយពីទទួលបានពាក្យបណ្តឹងនេះរួចមក ដោយមានការណែនាំនិងចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនយុត្តិធម៌ នគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ សហការដឹកនាំកម្លាំង ដោយលោក តុន តូនី នាយនគរបាលប៉ុស្តិ៍ដង្កោ បានបើកការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៩នាក់ ជាបន្តបន្ទាប់៖

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យជាមុខសញ្ញាលួច និងឆក់៖ ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងយឹម សារ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (លួចកាច់សោ.កម៉ូតូ និង ឆក់)។ ជនសង្ស័យជាមុខសញ្ញាឆក់៖ ឈ្មោះ យុន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនសង្ស័យជាមុខសញ្ញាផ្តល់សោ.កាច់កម៉ូតូ៖ ឈ្មោះ ផល សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនសង្ស័យជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារ និងសមគំនិតលួច៖ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ និងឈ្មោះ អេវ ណាវិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ជនសង្ស័យជាមុខសញ្ញាសមគំនិត ក្នុងអំពើលួច៖ ឈ្មោះ ប៊ុនធី ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ឈ្មោះ ញៀន លីដេរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ ហេង ស្រីណាង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៩នាក់ សុទ្ធតែមានសារធាតុញៀនដូចគ្នា។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន៖ ម៉ូតូស៊ុយសាគីលែត ពណ៌ស ស្លាកលេខ ភ្នំពេញ 1FR-8814 , ម៉ូតូវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1J-6477 , ម៉ូតូហុងដាសេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BO-7091, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1A-9340 , កាបូបលុយតូចចំនួន១, កាបូបស្ពាយចំនួន៣ , សោរខ្សៀរលេខ៨ចំនួន១ , ដែកជ្រុងចុងសំប៉ែតស្រួចចំនួន១, ដែកឆ្កឹះសោចំនួន១, ទូរសព្ទដៃ ពណ៌ខ្មៅ ម៉ាក AIS ចំនួន១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕ ភារ៉ា ដង្កោ


ចែករំលែក៖