ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យឃាត់ខ្លួន មនុស្ស៣នាក់ ក្នុងករណីហិង្សាបណ្តាលស្លាប់ជនរងគ្រោះ នៅច្រមុះជ្រូកក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌចាក់អង្រែលើ សហការព្រហ្មទណ្ឌខណ្ឌមានជ័យ ចាប់ឃាត់ខ្លួន​បានហើយកាលពីម្សិលមិញ ក្រោមបទសង្ស័យ ហិង្សាបណ្តាលឲ្យ មនុស្សស្លាប់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងកាលព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩ នេះថា ជនដៃដល់ក្នុងករណីហិង្សានៅម្តុំច្រមុះជ្រូកក្បាលថ្នល់ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានកម្លាំងរបស់លោកស្រាវជ្រាវឃាត់ខ្លួនបាន៣នាក់ហើយ។ ពេលនេះ មនុស្ស៣នាក់ជាប់ សង្ស័យប្រើហិង្សាបណ្តាលឲ្យស្លាប់នោះ​ ស្ថិតក្រោមការសាកសួរនិងបន្តទៅចាប់បក្ខពួក៣នាក់ផ្សេងទៀត។

លោកអធិការបន្តថា ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព្រួតវាយបណ្ដាលឲ្យរងរបួសធ្ងន់ ហើយ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនោះ មិនជាចោរទេ ។ ជាករណីទំនាស់គ្នា ហើយបានព្យាយាម រត់ក៏ត្រូវ បានស្រែកថា ចោរៗ ពលរដ្ឋ ឮដូច្នោះ ក៏នាំគ្នាចាប់ និងវាយបណ្តាលឲ្យស្លាប់ ។ គួររំលឹកថា ជនសង្ស័យបានធ្វើសកម្មភាពចូលលួចកាបូបរបស់នារីម្នាក់ នៅក្នុងផ្ទះមួយកន្លែង តែត្រូវនាងស្រែកឆោឡោ ដណ្ដើមកាបូបបានវិញ ហើយជនសង្ស័យរត់ឡើងកង់បីឥណ្ឌា បើក ដល់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវប៉ូលិសចរាចរណ៍ចាប់បាន តែតដៃជាមួយសមត្ថកិច្ច ទើបអ្នកដំណើរ ឆ្លងកាត់នោះ ព្រួតគ្នាវាយរបួសធ្ងន់សន្លប់ស្ដូកស្ដឹង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដឹក ជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ចុងក្រោយសង្គ្រោះមិនបាន ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១៖១០នាទីរសៀល ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ជិតសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទោះបីជាយ៉ាងក្តី ប្រភពពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបនាងបានអង្គុយក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យចូលលួចកាបូប នាងឃើញទាន់ក៏ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ នាំគ្នាជួយដេញតាមចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ចំណុចគោលដៅប៉ូលិសចរាចរណ៍ ច្រមុះជ្រូកក្បាលថ្នល់ ទើបមានប៉ូលិសចរាចរណ៍ជួយចាប់បាន តែដោយសារឃើញជនសង្ស័យបានតដៃជាមួយប៉ូលិសចរាចរណ៍នោះ ទើបប្រជាពលរដ្ឋ និងអ្នកដំណើរ ឆ្លងកាត់នោះ នាំគ្នាចុះមកវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ក្រោយមកក៏លើកជនសង្ស័យ ដាក់រ៉ឺម៉កកង់បី រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ តែមិនទាន់ដឹងថា ស្លាប់ឬយ៉ាងណានោះទេ។ បន្ទាប់មក សមត្ថកិច្ច ក៏បាននាំនាង និងសាក្សីមកបំភ្លឺនៅស្នាក់ការប៉ុស្តិ៍តែម្ដង។

យ៉ាងណាក៏ដោយបញ្ហានេះ នៅតែមានមន្ទិលសង្ស័យ ដោយភាគីសមត្ថកិច្ចប្រាប់ថា ជាករណីហិង្សាដោយ ចេតនា មិនមែនជាករណីចោរលួចនោះទេ ៕ តាឡឹម


ចែករំលែក៖