ព័ត៌មានទាន់ហេតុការណ៍៖

បង្កគ្រោះថ្នាក់ចរាចរណ៍ រកឃើញគ្រឿងញៀនកន្លះគីឡូក្នុងរថយន្ត គុកល្មម

ចែករំលែក៖

ខេត្តបាត់ដំបងៈ កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាណូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី រថយន្តកូរ៉ូឡា១គ្រឿង បើកជ្រុលបុកក្មេងកំពុងជិះកង់២នាក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្តទុក។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសមត្ថកិច្ចបាន និងឆែកឆេរក្នុងរថយន្ត ស្រាប់តែរកឃើញថ្នាំញៀនជាងកន្លះគីឡូ រួមនឹងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តបង្កតែម្តង ។

សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ួតាកូរ៉ូឡា ពណ៌សុីជម្ពូ ពាក់ស្លាកលេខ ភ្នំពេញ 2x-3630 បើកបរដោយបុរសម្នាក់ឈ្មោះ កើ ហាំសះ អាយុ២៩ឆ្នាំ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកក្មេងរងរបួសទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ កម្លាំងនគរបាលបានឃាត់អ្នកបើកបរ និងឆែកឆេរនៅក្នុងរថយន្ត ស្រាប់តែរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)១ថង់ធំ ទម្ងន់៦៤,៣៣ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង រួមទាំងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនជាច្រើនទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ និងជួញដូរថ្នាំញៀន៕ សហការី


ចែករំលែក៖