ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆំាងគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់នៅទូទាំងអាមេរិកបាននាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងគោលនយោបាយ អន្តោប្រវេសន៍ របស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ។

សារព័ត៌មាន BBC បានផ្សាយថា មានបាតុកម្មជាង៦៣០កន្លែងផ្សេងគ្នា ទាំងតូចធំនៅទូទាំងអាមេរិកចុងសប្តាហ៍កន្លងមក។ ក្នុងនោះ បាតុកម្មទ្រង់ទ្រាយធំបំផុតកើតឡើងនៅទីក្រុងញូវយ៉ក វ៉ាស៊ីនតោន និងទីក្រុងជាច្រើនទៀត។ ក្រុមបាតុករ បានលើកស្លាកបដាផ្សេងៗគ្នា ដែលមាន អត្ថន័យថា គ្រួសារគឺត្រូវតែនៅជិតគ្នា។

អ្នកចូលរួមដង្ហែក្បួនបាតុកម្មនោះ បានអំពាវនាវឲ្យបញ្ចប់ការកាត់ផ្តាច់គ្រួសារជនអន្តោប្រវេសន៍នៅព្រំដែន ក៏ដូចជាលុប ចោលនាយកដ្ឋានអន្តោប្រវេសន៍ជាដើម។

ប្រការដែលមន្ត្រីអាមេរិកបំបែកកូនចៅគ្រួរសារជនអន្តោប្រវេសន៍ខុសច្បាប់ពី ឪពុកម្តាយនៅតំបន់ភាគខាងត្បូងជាប់ ព្រំដែនមិចស៊ីកូបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក។ តាមតួលេខ បង្ហាញឲ្យឃើញថា នៅក្នុងរយៈពេល ចាប់ ពីថ្ងៃទី៥ ខែឧសភាដល់ថ្ងៃទី៩ ខែមិថុនា មានកុមារ ២.៣៤២នាក់ ត្រូវបំបែកចេញពី ឪពុកម្តាយ។

ដោយសារតែរងសម្ពាធពីមហាជន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាល ពីថ្ងៃទី២០ ខែមិថុនា បានកែប្រែ ដោយចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យគ្រួសារ ជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែន ជួបជុំគ្រួសារនៅក្នុងជំរំឃុំខ្លួនបណ្តោះ អាសន្ន។ ប៉ុន្តែច្បាប់នោះនៅតែមិនទាន់ មានប្រសិទ្ធភាពធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភខ្លាចលោក ត្រាំ ក្រឡាស់សម្តីគ្រប់ ពេល។

ក្រុមអ្នករៀបចំធ្វើបាតុកម្មបានបញ្ជាក់ថា ពួកគេចង់ផ្ញើសារទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ និងស្នើឲ្យមានជំនួបគ្រួសារជនអន្តោប្រវេសន៍ពួកគាត់អំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការឃុំខ្លួនអ្នកឆ្លងព្រំដែនខុសច្បាប់ចូលទឹកដីអាមេរិក។ ក្រៅពីនេះ ក្រុមបាតុករ ក៏បានប្រឆាំងនឹងការហាមជនជាតិអ៊ិស្លាម៧ប្រទេស ចូលក្នុងទឹកដីអាមេរិកផងដែរ។

បើទោះបីរងសម្ពាធពីមហាជន ប៉ុន្តែ ប្រធានាធិបតី ដូណាល់ ត្រាំ ពេលថ្មីៗនេះ បានបង្ហាញការប្តេជ្ញាចិត្តមិនយោគយល់ទៅលើគោលនយោបាយជនអន្តោប្រវេសន៍ និងកាត់ទោសអ្នកដែលឆ្លងដែនខុស ច្បាប់៕ ម៉ែវ សាធី


ចែករំលែក៖