ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដល្បឿនលឿនបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យក្មេងស្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងស្រី២នាក់ទទួលរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដមួយគ្រឿងបើកដោយល្បឿនលឿនបុក នៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចកែងហាងលក់ខោអាវ យីហោ ម៉ាយ ស័្ករ លើផ្លូវលេខ២១០កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីរងគ្រោះរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ ភា ស្រីនៀត អាយុ១៥ឆ្នាំ នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ជាអ្នកបើកបរម៉ូតូម៉ាក HONDA TODAY ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1V-8788 និងទី២-ឈ្មោះ ហាក់ សុវណ្ណា អាយុ១៤ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ជាអ្នករួមដំណើរ) ។ ចំណែករថយន្ដម៉ាកTOYOTA CAMRY (បាឡែន) ពាក់ស្លាកលេខកណ្តាល2A-8392 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដ TOYOTA CAMRY (បាឡែន)ខាងលើ បើកតាមបណ្ដោយផ្លូវលេខ២១០ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះមកដល់ចំណុចផ្លូវកែងលេខ១០៨ ក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ជិះក្នុងទិសដៅពីត្បូងទៅជើង ភ្លាមនោះអ្នកបើកបររថយន្ដក៏ឈប់មិនទាន់បានបុកម៉ូតូ HONDA TODAY បណ្ដាលឲ្យក្មេងស្រី២នាក់ជាអ្នកបើកបរនិងអ្នករួមដំណើរដោយបោកទៅនឹងផ្លូវ ទទួលរងរបួសធ្ងន់តែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើង ក្មេងស្រីរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយរបស់ស្នងការការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ដោយឡែកម៉ូតូនិងរថយន្ដត្រូវបានកម្លាំងជំនាញចរាចរណ៍ ធ្វើការត្រួតពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្ដ បើកល្បឿនលឿន មិនមើលស្ថានភាពផ្លូវ រីឯអ្នកបើកបរម៉ូតូវិញបើកបរខ្វះការប្រយ័ត្នផងដែរ ៕ ស្អាងជ័យ


ចែករំលែក៖