ព័ត៌មានទាន់ហេតុការណ៍៖

ភ័យនឹងឆ្កែដេញរត់ធ្លាក់លូឈ្លក់ទឹកស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅនឹងមាត់លូ ដេកផ្កាប់មុខនៅក្នុងទឹកលូ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចជិតលូបង្ហូរទឹកស្អុយដែលស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះបានដែលស្លាប់នេះ មានឈ្មោះ ហេងស្រឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាកម្មករលីសែង នៅផែចុងកោះ មានទីលំនៅក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២១ ខែតុលា ពួកគាត់ឃើញបុរសរងគ្រោះបានដើរ តាមផ្លូវ លើខ្នងលូ ដែលមានសភាពស្រវឹងទោទន់យ៉ាងខ្លាំង ពេលដែលផុតភូមិប្រជាពលរដ្ឋឃើញមានសត្វឆ្កែបានព្រុស ហើយដេញ បុរសនោះក៏រត់ទៅមុខ បាត់ឈឹងតែម្តង មិនដឹង ថារត់ធ្លាក់លូនេះទេ ។ ទើបព្រឹកឡើងប្រជាពលរដ្ឋដើរកាត់លូនេះ ទើបប្រទះឃើញសពបុរសរងគ្រោះនេះតែម្តង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យមកពិនិត្យមើល ។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា បុរសរងគ្រោះស្លាប់ដោយឈ្លក់ទឹក ព្រោះសាកសពដួលផ្កាប់មុខទៅក្នុងទឹករើខ្លួនអត់រួច ក៏បណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយពីពិនិត្យសាកសពរួច ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យផងដែរ ៕ ចន្ថា


ចែករំលែក៖