ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃលើសពីសមត្ថភាពគ្រប់គ្រង ស្លាប់៤២នាក់ រដ្ឋាភិបាលសុំទោសជាសាធារណៈ

ចែករំលែក៖

ភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសព័រទុយហ្គាល់ ធ្វើឲ្យក្រុមពន្លត់អគ្គីភ័យ មិនអាចគ្រប់គ្រងបាន បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់៤២នាក់ ។ នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ បានសុំទោសជាសាធារណៈ នូវហេតុការណ៍សោកនាកម្មខាងលើ ។

សារព័ត៌មានស៊ីនហួ បានផ្សាយនៅថ្ងៃទី១៩ ខែតុលាថា ក្រោយពេលមានការថ្កោលទោសដល់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីព័រទុយហ្គាល់់ លោក Antonio Costa បានសុំអភ័យទោសដល់ប្រទេសជាតិទាំងមូល ខណៈចំនួន អ្នកស្លាប់ដោយគ្រោះអគ្គីភ័យកាលពីចុងសប្ដាហ៍បានកើនឡើងដល់ ៤២នាក់ ។ នេះជាចំនួនយ៉ាងច្រើន បំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានអ្នកស្លាប់ដោយសារតែភ្លើងឆេះព្រៃរាលដាល។

ការសុំទោសរបស់លោកកូស្តា នាយករដ្ឋមន្រ្តី ព័រទុយហ្គាល់់ ធ្វើឡើងនៅក្នុងរដ្ឋសភា ហើយលោក Hugo Soaresមេដឹកនាំគណ បក្សប្រជាធិបតេយ្យសង្គមនិយម (PSD) បានប្រឆាំងនឹងរូបលោកនាយកដ្ឋមន្ត្រី ដើម្បីសុំការលើកលែងទោស ពីប្រជាជនព័រទុយហ្គាល់់ ចំពោះការដោះស្រាយវិបត្តិភ្លើងឆេះព្រៃបង្កឲ្យមានសោកនាដកម្មកើតឡើង។

លោក បានសុំទោសហើយបានលើកឡើងថា “ខ្ញុំទទួលខុសត្រូវជានាយករដ្ឋមន្ត្រី ហើយដូច្នេះនៅពេលខ្ញុំសុំទោស ខ្ញុំធ្វើដូច្នេះក្នុងនាម ជាពលរដ្ឋដូចគ្នា” ។

កន្លងមក នៅអាមេរិកភ្លើងឆេះព្រៃក៏បានសម្លាប់ មនុស្សយ៉ាង តិច៤០នាក់ ជាការស្លាប់មួយ យ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រ ដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា ខណៈដែលខ្យល់បោកបក់ខ្លាំង។ ក្រៅពីនេះនៅមាន មនុស្សរាប់រយនាក់ នៅបន្តបាត់ខ្លួននៅឡើយ ។

ក្រុមមន្ត្រីបាននិយាយថា តំបន់២ក្នុងចំណោមតំបន់ចំនួន៣នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា បានរងការបំផ្លិចបំផ្លាញខ្លាំងដោយសារភ្លើងឆេះព្រៃ ហើយបានបំផ្លាញប្រមាណជាងពាក់កណ្តាលនៃទំហំព្រៃសរុប ពលរដ្ឋមួយចំនួនបាននាំគ្នាភៀសខ្លួននៅតំបន់ Sonoma តែពួកគេប្រហែលជាអាចវិលមកកាន់លំនៅឋានវិញផងដែរនៅពេលនេះ ៕ ម៉ែវ សាធី


ចែករំលែក៖