ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីជលផលខេត្តពោធិ៍សាត់កំពុងសម្រុកប្រមូលលុយពីអំពូលឈ្នក់

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្ត្រីជលផលខេត្តពោធិ៍សាត់នៃតំបន់ទន្លេសាបកំពុងប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ដើរប្រមូលយកប្រាក់ពីអំពូលភ្លើងឈ្នក់នៅតំបន់បឹងទន្លេសាប តាមការកំណត់របស់ថ្នាក់ដឹកនាំរបស់ខ្លួន។ អំពូលភ្លើងមួយគ្រឿង ត្រូវបង់ប្រាក់ឲ្យក្រុមមន្ត្រីជលផល១០០ដុល្លារក្នុងមួយរដូវ។ នៅខេត្តពោធិ៍សាត់ រាប់ចាប់ពីព្រំដែនខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបង់មានអំពូលភ្លើងឈ្នក់មិនតិចម៉ឺនអំពូលនោះឡើយ។ តាមការគណនាគណិតវិទ្យាបង្ហាញថា មន្ត្រីជលផល នាយផ្នែក នាយសង្កាត់ប្រមូលលុយឲ្យថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ក្រោមអំណាចរបស់លោកឡាយ វិសិដ្ឋ ដែលត្រូវយកទៅចាត់ចែងជូនអភិបាលរងខេត្តម្នាក់ ក្នុងមួយខែ៦ពាន់ដុល្លារនោះទៀត។

ប្រភពពីមន្ត្រីរដ្ឋបាលជលផលខេត្តពោធិ៍សាត់អះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះអនុវត្តតាមគោលការណ៍ថ្នាក់ដឹកនាំ(ឡាយ វិសិដ្ឋ) ត្រូវចុះយុទ្ធនាការប្រមូលប្រាក់ពីបទល្មើសនេសាទ ដែលដាក់អំពូលបាចនុយយកត្រីនៅតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងមួយអំពូល(ឈ្នក់)១០០ដុល្លារ។ មន្ត្រីជលផលខាងលើអះអាងថា នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់មិនទាន់មានការគណនាច្បាស់លាស់ថាមានអំពូលប៉ុន្មាននៅឡើយ ប៉ុន្តែគេអាចសន្និដ្ឋានថា ប្រហែលជាខ្ទង់ម៉ឺនអំពូល។ ពីព្រោះនៅពេលយប់អំពូលភ្លឺពេញបឹងទន្លេសាប ហើយម្ចាស់អំពូលត្រូវយកលុយទម្លាក់ឲ្យត្រីស៊ីទើបអាចចាប់បាន។ ប្រសិនបើម្ចាស់អំពូលមិនបង់ប្រាក់ឲ្យសមត្ថកិច្ចជលផលទេ ត្រូវប្រឈមនឹងការចាប់ថតផ្សាយតាមទូរទស្សន៍ជាមិនខានឡើយ។

ប្រភពបាននិយាយថា ប៉ុន្មានថ្ងៃនេះ គ្រាន់តែយុទ្ធនាការនៃការប្រមូលប្រាក់ទៅលើបទល្មើសនេសាទដាក់អំពូលឈ្នក់។ នៅមានបទល្មើសនេសាទផ្សេងទៀតដែលត្រូវប្រមូលប្រាក់ជាបន្តបន្ទាប់។ មន្ត្រីជលផលទាំងនោះនិយាយថា បើមិនយកលុយ ក៏ពិបាកដែរ ពីព្រោះយើងពិបាកក្នុងការបង្ក្រាប ដូច្នេះមានតែបង្កលក្ខណៈងាយស្រួលឲ្យគេនេសាទ ហើយយើងយកប្រាក់តែម្តង។ ប្រភពបានអះអាងថា នេះជាគោលការណ៍របស់លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ដែលបានណែនាំឲ្យមន្ត្រីក្រោមឱវាទធ្វើយ៉ាងដូច្នេះ។ ករណីនេះ ត្រូវបានមន្ត្រីជលផលខេត្តពោធិ៍សាត់អះអាងថា មិនថារដូវបិទនេសាទ ឬបើកនេសាទនោះទេ ពេលណាក៏មានបទល្មើសដែរនៅក្នុងខេត្តពោធិ៍សាត់យើងនេះ ពីព្រោះចាប់តាំងពីស្ថាប័នជំនាញរហូតដល់អាជ្ញាធរខេត្ត ត្រូវរ៉ូវគ្នាអស់ហើយ៕

លោក ឡាយ ពិសិដ្ឋ


ចែករំលែក៖