ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចងកសម្លាប់ខ្លួនសង្ស័យមានវិបតិ្តស្នេហា

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបង្គន់ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនបុកគ្រឹះ លក់និងជួលគ្រឿងចក្រគ្រប់ប្រភេទ យីហោ «ជេ អាយ ធី ឬ អុី ស៊ី អឹម » ។ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមស្រ្តីជាម្ដាយមីងបានឲ្យដឹងថា យុវជនម្នាក់នោះឈ្មោះ ឡន ស៊ីម អាយុ ១៨ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ និងមានស្រុកកំណើតនៅក្នុងស្រុកសន្ទុក  ខេត្កំពង់ធំ ត្រូវជាក្មួយប្រុសរបស់គាត់និងជាកម្មករបុកគ្រឹះក្នុងក្រុមហ៊ុនខាងលើ ហើយការចងកសម្លាប់ខ្លួននេះបណ្ដាលមកពីរូបគេមានវិបត្តិស្នេហា។ហើយកន្លងមករូបគេបានស្នាក់នៅធ្វើការក្នុងក្រុមហ៊ុនឯកោះពេជ្រទេ ប៉ុន្តែនៅមុនថ្ងៃចូលឆ្នាំចិនបានមកយាមនៅទីតាំងខាងលើបណ្ដោះអាសន្ន ដោយសារតែអ្នកយាមបានទៅលេងស្រុក រួចហើយក៏បានចងកបែបនេះតែម្ដង។

ស្រ្តីខាងលើបានបន្តទៀតថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ គាតបានឮក្មួយប្រុសរបស់គាត់ម្នាក់នេះនិយាយទូរស័ព្ទជាមួយម្ដាយរបស់គេនៅឯស្រុកកំណើត ដោយប្រាប់ម្ដាយថា រូបគេបានស្រឡាញ់កូនក្រមុំអ្នកភូមិជាមួយគ្នាម្នាក់ ព្រមទាំងបានបង្ខំឲ្យម្ដាយចូលស្ដីដណ្ដឹងនាងធ្វើជាប្រពន្ធទៀតផង។

ពេលនោះត្រូវបានម្ដាយប្រាប់ថា គាត់ក៏បានស៊ើបសួររួចហើយ ប៉ុន្តែគ្មានសង្ឃឹមទេ ព្រោះម្ដាយខាងស្រីមិនឲ្យទេគេនិយាយថា កូនគេនៅរៀន១ឆ្នាំទៀតទើបចប់ ។ ក្រោយមកគាត់មិនបានដឹងថា មានរឿងអ្វីផ្សេងទៀតទ លុះដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញក្មួយចងកនៅក្នុងបង្គន់ស្លាប់បែបនេះ ។

ក្មេងប្រុសម្នាក់បាននិយាយថា នៅមុនពេលកើតហេតុរូបគេនិងជនរងគ្រោះបានហូបបាយជាមួយគ្នាចានតែមួយហើយខណៈនោះជនរងគ្រោះហូបបាយបណ្ដើរយំបណ្ដើរទៀតផង ។ លុះហូបបាយរួចគាត់បានសុំក្រដាស់សៀវភៅពីរូបគេ១សន្លឹក បន្ទាប់មកបានដើរទៅកាន់បង្គន់រួចក៏ស្រាប់តែបាត់រហូតមិនឃើញចេញមកវិញឡើយ ។

ពេលនោះរូបគេមានសង្ស័យក៏បានដើរទៅមើលឃើញគាត់ចងកស្លាប់បាត់ទៅហើយ ៕ សុខាសែនជ័យ

 


ចែករំលែក៖