ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាបុគ្គលិកកាស៊ីណូម្នាក់ បានស្លាប់ភ្លាមៗនឹងកន្លែង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកមិនប្រកាន់ស្ដាំបុក និងម៉ូតូបញ្ច្រាសទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើររាយការមកសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៦ និង១៤៧ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ សាយ រ៉ាវី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាសស៊ីណូ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្លឺពី ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកម៉ូតូម៉ាក វ៉េពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M.7150 ខូចខាតទាំងស្រុង។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមាន រថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) ដោយធ្វើដំណើរពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចខាងលើ ខណៈបើកមិនប្រកាន់ស្ដាំ ស្រាប់តែទៅ បុកប៉ះនឹងម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M. 7150 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក ជនបង្កដោយឃើញសភាពមិនស្រួល ក៏បានបើករថយន្តគេចចេញពីកន្លែងកើតហេតុភ្លាមៗបន្សល់តែជនរងគ្រោះដេកស្ដូកស្ដឹងលើផ្លូវ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងអូសយកវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការរិយាល័យនគរបាលជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖