ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះមិនប្រណីប្រល័យជីវិតជនពិការ និងផ្ទះមួយខ្នងខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈប្រទះឃើញបុរសពិការម្នាក់ដេកស្លាប់កណ្ដាលវាលស្រែតែម្នាក់ឯង និងសត្វគោនៅក្បែរ និងផ្ទះមួយខ្នងត្រូវដួលរលំបើងដំបូល បន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់យ៉ាងខ្លាំងលាយឡំ នឹងរន្ទះមួយមេលឺសូរក្ឌាំង ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាចភូមិត្បែងឃុំអំពឹល និងភូមិតាភ៍ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថាបុរស ដែលស្លាប់ដោយរន្ទះបាញ់មានឈ្មោះមុំ សាវ៉ាត (ហៅម៉ៅ) អាយុ៤៥ឆ្នាំ ជាជនពិការជើងស្ដាំត្រឹមជង្គង់ (ដោយសារពស់ចឹក) មានទីលំនៅភូមិត្បែង ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពបន្តថា មូលហេតុ គឺដោយសារតែបុរសរងគ្រោះខាងលើចេញទៅដឹកគោកំពុងតែភ្លៀង នៅវាលស្រែ ខាងជើងផ្ទះចំងាយ១០០ម៉ែត ខណៈមិនព្រមជ្រកភ្លៀងក៏ជួបហេតុការណ៏នេះតែម្ដង។

ប្រភពបន្តថា ក្នុងពេលនោះដែរក៏មានផ្ទះមួយខ្នងត្រូវដួលរលំដោតមានម្ចាស់ឈ្មោះ ប៉េង ឈាង ភេទប្រុសអាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះមាស យា អាយុ២៣ឆ្នាំរស់នៅភូមិតាភរ៍ ឃុំចន្ត្រី ស្រុករមាសហែក បណ្ដាលឲ្យផ្ទះសង់ពីឈើទំហំ៥ម៉ែត្រគុណនឹង១០ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងស័ង្កសីខូចខាតទាំងស្រុង និងបណ្តាលឲ្យខូចខាតសម្ភាររួមមានចានឆ្នាំង ផ្ទាំងសូឡា ទូរទស្សន៍ ទូដាក់ខោអាវ និងកន្ទេលមុងភួយ និងរបស់របរមួយចំនួនទៀត។

សពបុរសខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖