ព័ត៌មានទាន់ហេតុការណ៍៖

លោកថាក់ស៊ីននិងលោកស្រីយីងឡាក់ទៅកាន់ជប៉ុន

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា និងបងប្រុសអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី២៩ ខែ មីនា ហើយបន្តស្នាក់នៅជប៉ុនរហូតដល់ ចុងសប្តាហ៍នេះ។

តាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បាន ផ្សាយថា អតីតអ្នកនយោបាយជប៉ុន លោក Hajime Ishii មានទំនាក់ទំនងជិតស្និទ្ធជាមួយបង្អូន ថាក់ស៊ីន ហើយបាន អញ្ជើញអ្នកទាំងពីរ ទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមពិធីបង្ហាញ សៀវភៅថ្មីជា ស្នាដៃរបស់លោក។

បងប្អូនអតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបាន គេមើលឃើញ ឈរនៅលើវេទិកា និងថត រូបអនុស្សាវរីយ៍ជាមួយ ភ្ញៀវទៀតផង ប៉ុន្តែ លោកស្រីយីងឡាក់និងថាក់ស៊ីន បដិសេធឆ្លើយតបនឹងសំណួរពីអ្នកសារព័ត៌មាន។ អតីតនាយករដ្ឋមន្ត្រី ទាំងពីររូបនឹងស្នាក់នៅក្នុងប្រទេស ជប៉ុនរហូតដល់ថ្ងៃទី១ ខែមេសា បន្ទាប់មកនឹងបន្តទៅកាន់ប្រទេសចិន។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ ថា លោកស្រីយីងឡាក់ និងលោកថាក់ស៊ីន កំពុងស្នាក់នៅជប៉ុន ហើយរដ្ឋាភិបាលទីក្រុងតូក្យូនឹងមិនអនុញ្ញាត ឲ្យអតីតនាយក រដ្ឋមន្ត្រីទាំងពីររូបធ្វើសកម្មភាពនយោ បាយណាមួយឡើយ អាចប៉ះពាល់ដល់ ទំនាក់ទំនងជប៉ុន-ថៃ។

សារព័ត៌មាន បាងកកកំពុងតែ ប្រមូល នូវព័ត៌មាន ពាក់ព័ន្ធនឹងបងប្អូនអតីតនាយករដ្ឋមន្ត្រី ក្រោយពេលមានរូបភាព ជាច្រើន បង្ហោះតាមបណ្តាញសង្គមថា លោកស្រី យីងឡាក់ រស់នៅក្នុងប្រទេសអង់គ្លេស និងហុងកុង។

កាលពីឆ្នាំ២០១៧ លោកស្រីយីងឡាក់ត្រូវបានតុលាការកំពូលថៃ កាត់ទោស កំបាំងមុខឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទធ្វើសប្រហែសនៅក្នុងកម្មវិធីជំនួយតម្លៃស្រូវអង្ករធ្វើឲ្យ រដ្ឋាភិបាលខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ។ លោកស្រីបានភៀស ខ្លួនចេញពីប្រទេស ថៃ នៅថ្ងៃទី២៣ ខែសីហា មុនពេលតុលាការកាត់ទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

ចំណែកលោកថាក់ស៊ីនស៊ីណាវ៉ាត្រា វិញបានរស់នៅក្រៅប្រទេស តាំងពីឆ្នាំ ២០០៦ ក្រោយរដ្ឋប្រហារយោធា។ លោកថាក់ស៊ីន ក៏ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ២ឆ្នាំផងដែរ។ ពេលនេះលោកត្រូវបានគេដឹងថា កំពុងតែរស់នៅក្នុងទីក្រុងឌូបៃ ប្រទេស អារ៉ាប់រួម ដោយនៅទីនោះលោកមានផ្ទះផ្ទាល់ខ្លួន៕ ម៉ែវ សាធី

 

 


ចែករំលែក៖