ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់បោកផ្ញើលុយតាមវីង៣០០០ដុល្លារ បន្លំថាជាសាច់ញាតិបើកម៉ូតូបុកគេស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ អាចចាត់ទុកជារឿងដដែលៗ ដែលជនខិលខូចដេកចាំតែរកនឹកវិធីសាស្ដ្របោកប្រាស់មនុស្សឆោតល្ងង់ ដើម្បីទូរស័ព្ទរបៀបលាក់លៀម ហើយបើចូលលេខអ្នកណាហើយគេធ្វើជាឆ្ងល់ លុះយើងសួរថា ឈ្មោះអី ? គេថាទាយសាកមើល បើយើងថាឈ្មោះ«ក»មែនទេ? ច្បាស់ជាគេបន្លំថាបាទខ្ញុំឈ្មោះ«ក»ជាសាច់ញាតិយើងនោះឯង ។

បន្ទាប់ពីដឹងហើយជនឆបោកតែងតែរកនឹកវិធីភូតកុហកធ្វើជាជួបគ្រោះថ្នាក់ចរាចរណ៍ប្រញាប់ឲ្យយើងបង់លុយឲ្យគេបើពុំដូច្នោះទេ សមត្ថកិច្ចចាប់ដាក់គុក ព្រោះឈ្មោះ«ក» នេះជាសាច់ញាតិយើង ពេលយើងភ័យនិងឆោតល្ងង់ទៀត ចាប់ផ្តើមស្រវេស្រវាខ្ចីបុលលុយគេផ្ញើតាមវីងឲ្យជនខឹលខូចទាល់តែបាន ។

ជាក់ស្ដែងនៅព្រឹកថ្ងៃ សុក្រ ១៤ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានករណី ឆបោកតាមប្រព័ន្ធទូរស័ព្ទដៃមួយ ដោយជនឆបោកប្រើលេខ 097 3947043.ទូរស័ព្ទមកជនរងគ្រោះឈ្មោះ សេក ស្រ៊ា ភេទ ស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិ គក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើលេខទូរស័ព្ទ ០៩៧៦៩៩៦៤៩៩។ជននេះបានបន្លំធ្វើជាសាច់ញាតិ ជួបគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ ត្រូវការលុយជាប្រញាប់សុំឲ្យជនរងគ្រោះដោះស្រាយផ្ញើលុយតាមវីងដោយស្ងាត់ ៗ បើមិនអ៊ីចឹងទេគេនឹងចាប់ខ្ញុំដាក់គុកហើយ។

ពេលនោះជនរងគ្រោះភ័យនិងជឿនូវការភូតកុហក ទើបដើរខ្ចីលុយគេ លុយខ្លួនឯង លក់មាសផងផ្សែផ្សំ ដើម្បីផ្ញើលុយឲ្យតាមកំណត់ អស់ប្រាក់ចំនួន ៣,០០០ដុល្លារអាមេរិក។បន្ទាប់ពីផ្ញើជនឆបោកបិទទូរស័ព្ទរបស់ខ្លួនបាត់ ទើបជនរងគ្រោះ ដឹងថា គាត់ចាញ់បោកគេហើយបានត្រឹមតែសោកស្ដាយ យំសោកបោកខ្លួនទៅប្ដឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌តែប៉ុណ្ណោះ ។

យ៉ាងណាសមត្ថកិច្ចបានត្រឹមទទួលពាក្យបណ្តឹងពីស្រី្តរងគ្រោះនិងបានសន្យាថាកំពុងស្រាវជ្រាវរកមុខសញ្ញាតាមជំនាញបច្ចេកទេសប៉ុណ្ណោះ តែត្រង់ថាអាចសង្ឃឹមរកឃើញក្រុម ជនសង្ស័យដែរឬយ៉ាងណានោះ គេនៅមិនទាន់ដឹងឡើយ ៕ ប្រាថ្នា


ចែករំលែក៖