ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ក់ ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មអាចនឹងត្រូវដកតំណែង

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវ និងអំពើពុករលួយរបស់លោក ម៉ក់ ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បង្កឲ្យរាំងស្ទះដល់ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ នាពេលថ្មីៗនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មប្រជុំផ្ទៃក្នុងសម្ងាត់ថ្មីៗកន្លងទៅ ដែលគេទម្លាយថា កំហុសរបស់លោកម៉ក់ ឧសភា ធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាល ដូច្នេះត្រូវប្រឈមនឹងការដកមុខតំណែង ដោយគ្មានហេតុផលយោគយល់ ។

លោក ម៉ក់ ឧសភា បានធ្វើឲ្យក្រុមហ៊ុន និងប្រជាកសិករដឹកកសិផលនៅតាមព្រំដែនកម្ពុជា-ថៃរាំងស្ទះ និងខាតបង់ បន្ទាប់ពីអគ្គនាយករូបនេះមិនបានទទួលខុសត្រូវចំពោះគំរូហត្ថលេខារបស់ខ្លួន មានន័យថា ការស៊ីញ៉េចេញ CO ពីក្រសួងពាណិជ្ជកម្មខុសពីហត្ថលេខា ដែលខ្លួនបានដំកល់ទុកនៅប្រទេសនេះ ។ ដូច្នេះ ភាគីថៃ មិនអនុញ្ញាតឲ្យនាំចូល បើទោះជាមានច្បាប់ក៏ដោយ ។ មិនតែប៉ុណ្ណោះ ប្រជាកសិករ ក្រុមហ៊ុនដឹកជញ្ជូនបានបញ្ចេញប្រតិកម្ម និងរិះគន់ថា លោក ម៉ក់ ឧសភា ធ្វើការគ្មានភាពទទួលខុសត្រូវ ពុំបានអនុវត្តនូវយន្តការលើកកម្ពស់ និងរកទីផ្សារឲ្យប្រជាពលរដ្ឋ ធ្វើឲ្យខាតបង់ការបង្កបង្កើនផល និងពេលវេលា ពិសេស សេវាលើឯកសារ CO នាំចេញកសិផល ក៏មានតម្លៃខ្ពស់ ។ ពួកគាត់បានលើកជាហេតុផលជាក់ស្តែងថា សម័យលោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី គឺបង់សេវានេះតិចតួចបំផុត ដល់ដំណាក់កាលលោករដ្ឋមន្ត្រីថ្មី បែរជាលោក ម៉ក់ ឧសភា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មយកតម្លៃ២០ដុល្លារ ស្មើនឹង១គុណនឹង១០ ហើយឯកសារទាំងនោះបង្កឲ្យរាំងស្ទះ ។

កុំថាឡើយតែមន្ត្រីនៅក្នុងក្រសួង សូម្បីតែប្រជាពលរដ្ឋ ខាងក្រុមហ៊ុនដឹកជញ្ជូនកសិផលស្វាគមន៍ និងត្រេកអរចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានវិធានការទៅលើមន្ត្រីអសកម្ម ខ្វះភាពទទួលខុសត្រូវ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ មកលើមុខមាត់ប្រទេសជាតិ ក៏ដូចជាការខាតបង់របស់ក្រុមហ៊ុនរកស៊ីស្របច្បាប់ និងប្រជាកសិករដឹកជញ្ជូនកសិផលនេះជាដើម ។ ប៉ុន្តែគេពុំទាន់ដឹងថា ការប្រជុំផ្ទៃក្នុង ក្នុងគម្រោងដកលោកម៉ក់ ឧសភា នេះអាចមានប្រសិទ្ធភាពដល់កម្រិតណានោះទេ ប្រសិនបើលោក ម៉ក់ ឧសភា ព្យាយាមរកអ្នកអន្តរាគមន៍ទប់ស្កាត់ ។

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោក ម៉ក់ ឧសភា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា

 

 


ចែករំលែក៖