ព័ត៌មានទាន់ហេតុការណ៍៖

សាក្សីម្នាក់ត្រូវតុលាការខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនបង្ខំឲ្យលក់ផ្ទះសងម្ចាស់បំណុល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ចៅក្រមអមសាលាដំបូងខេត្តឧត្ដរមានជ័យមួយរូប រងការចោទថា បានឃុំខ្លួនសាក្សី ដើម្បីបង្ខំឲ្យលក់ផ្ទះក្នុងតម្លៃថោក យកលុយសងម្ចាស់បំណុល ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា លោក ស៊ឹម ពិចិត្រ ចៅក្រមអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានចេញដីកាបង្គាប់ឲ្យចូលខ្លួនលេខ១៣ត.ព្រ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានសម្រេចឃុំខ្លួនឈ្មោះ យ៉េង គឹម លឿម ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយចោទពីបទឆបោក ។

បើយោងតាមការបំភ្លឺពីក្រុមគ្រួសារស្ត្រីរងគ្រោះថា ដើមបណ្ដឹងឈ្មោះ ផុត សំផុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមឃុំជាមួយគ្នា បានប្ដឹងស្ត្រីរងគ្រោះខាងលើថា រំលោភលើសេចក្ដីទុកចិត្ត ហើយក៏ត្រូវបានចៅសម្រេចឃុំខ្លួនរហូតដល់បច្ចុប្បន្ន ។

ក្រុមគ្រួសារស្ត្រីរងគ្រោះ បានបន្ដទៀតថា ស្ត្រីខាងលើគ្រាន់តែជាសាក្សី ក្នុងកំណត់ហេតុលក់ទិញផ្ទះប៉ុណ្ណោះ មិនមានបទល្មើសអ្វីនោះទេ តែបែរជាចៅក្រមសម្រេចឃុំខ្លួន រួចបានបង្ខំឲ្យ ផ្ដិតមេដៃព្រមព្រៀងលើការទិញលក់ផ្ទះជាថ្មី ជាថ្នូរ នឹងដោះលែង ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារស្ត្រីរងគ្រោះមានជំងឺជាច្រើនមុខខាងក្រុមគ្រួសារបានស្នើសុំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ តែពេលកំពុងសម្រាកព្យាបាល ស្រាប់តែប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ ទៅយកស្ត្រីរងគ្រោះមកដាក់ពន្ធនាគាវិញ បើទោះបីជាប្រធានមន្ទីរពេទ្យមិនអនុញ្ញតិឲ្យយកចេញ ដោយសារតែស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរក្ដី ។ ជុំវិញករណីខាងលើលោក ស៊ឹម ពិចិត្រ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តមានជ័យ ពេលត្រូវបានទាក់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺ លោកបែរជាឆ្លើយថា លោកមិនមែនចៅក្រមទេហើយថា អ្នកកាសែតច្រឡំលេខហើយ ។

ចំណែកលោក កែវ នុន ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ បានថ្លែងទទួលស្គាល់ថា លោកពិតជាបានយកអ្នកជំងឺ ដែលជាអ្នកទោសចេញពីមន្ទីរពេទ្យបង្អែកពិតមែន គឺលោក ស៊ឹម ពិចិត្រ ចៅក្រមស៊ើបសួរ ជាអ្នកបញ្ជាដាច់ខាតឲ្យយកអ្នកជំងឺចូលគុកវិញ បើទោះបីប្រធានមន្ទីរពេទ្យមិនអនុញ្ញតក៏ដោយ ៕ ប៉ែន នួន


ចែករំលែក៖