ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា ជប៉ុនសហការបង្កើតរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន

ចែករំលែក៖

តម្រូវការធ្វើដំណើររបស់ ប្រទេស ដែលមានពលរដ្ឋច្រើន លំដាប់ទីពីរលើពិភពលោក កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយមធ្យោបាយធ្វើដំណើររបស់ឥណ្ឌាមានកម្រិត មិនអាចបំពេញទៅតាម តម្រូវការធ្វើដំណើរយ៉ាងច្រើនលើសលប់ ។ កន្លងមក ពលរដ្ឋឥណ្ឌា បង្ខំចិត្តធ្វើដំណើរដោយអង្គុយលើដំបូលរថភ្លើង ដែលប្រថុយនឹងគ្រោះថ្នាក់ ។

ពលរដ្ឋឥណ្ឌារាប់លាននាក់ធ្វើដំណើរក្នុងមួយថ្ងៃ ៗ ទាំងនោះហើយបានធ្វើឲ្យ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានសន្យាថា នឹងវិនិយោគប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក លិចលង់របស់ឥណ្ឌាតាមការសន្យាក្នុងការបោះឆ្នោតសំខាន់ៗ របស់លោកមុនទទួលជ័យជម្នះ ភ្លូកទឹកភ្លូកដីរបស់លោកនៅឆ្នាំ២០១៤ ។

នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា កន្លងមក របស់នាយករដ្ឋមន្ត្រីជប៉ុនលោកសីនហ្ស៊ូអាបេបានសន្យាជួយអភិវឌ្ឍន៍វិស័យរថភ្លើងនៅក្នុងប្រទេសនេះ ។ ពេលនេះ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នឹងចាប់ផ្តើមគម្រោងបង្កើតរថភ្លើង ដែលមានល្បឿនលឿនលើកដំបូងរបស់ប្រទេសឥណ្ឌា នៅរដ្ឋ Gujarat ភាគខាងលិចឥណ្ឌា ។

មន្ត្រី ក្នុងរដ្ឋ Gujarat បាននិយាយថា មេដឹកនាំនឹងដាក់មូលដ្ឋានគ្រឹះនៃបណ្តាញផ្លូវដែកល្បឿនលឿនរវាងទីក្រុង Ahmedabad ដែលជារដ្ឋធានីនៃស្រុកកំណើតលោក Modi ។

ប្រទេសជប៉ុនគឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងបណ្តាញផ្លូវដែក ដែលមានល្បឿនលឿន ហើយរថភ្លើងល្បឿនលឿន Shinkansen របស់ខ្លួនស្ថិតក្នុងចំណោមល្បឿនលឿនបំផុតក្នុងពិភពលោក ។ ប្រទេស ជប៉ុននឹងផ្តល់ ៨៥ភាគរយនៃការចំណាយសរុបនៃគម្រោងចំនួន១៩ពាន់លានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖