ភ្នំពេញ ៖ ដើម្បីអាចប្រជ្រៀតខ្លួនចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាឆ្នាំ ២០២០ខាងមុខបានដោយជោគជ័យនោះ ថ្នាក់ដឹកនាំកីឡាអេឡិចត្រូនិកចំនួន៤ទ្វីបបានជួបប្រជុំគ្នានៅទីក្រុងសៀងហៃប្រទេសចិនកាលពីពេលកន្លងទៅថ្មីៗនេះដើម្បីស្វែងរកចំណុចរួមមួយសម្រាប់ប្រជ្រៀតខ្លួនចូលក្នុងកីឡាអូឡាំពិកនៅប្រទេសជប៉ុន។ នេះបើយោងតាមប្រសាសន៍របស់លោក ជា ចាន់បរិបូរណ៍ អនុប្រធានសហព័ន្ធកីឡា E-Sport កម្ពុជាដែលបានលើកឡើងក្នុង សន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៦ ។
លោក ចាន់បរិបូរណ៍ មានប្រសាសន៍ថា ថ្មីៗនេះថ្នាក់ដឹកនាំកីឡា E-Sport មកពី៤ ទ្វីបបានជួបជុំគ្នាក្នុងកិច្ចប្រជុំដ៏ធំមួយនៅ ទីក្រុងសៀងហៃ ប្រទេសចិន បានពិភាក្សាគ្នាទៅលើចំណុចប្រឈមក្នុងវិស័យកីឡាអេឡិចត្រូនិកតើនឹងត្រូវធ្វើយ៉ាងណាដើម្បីអាចប្រជ្រៀតខ្លួនចូលក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០នៅប្រទេសជប៉ុន។ លោកបានបញ្ជាក់ថា កិច្ចប្រជុំនោះបាន ជជែកគ្នាថាតើយើងធ្វើយ៉ាងណាឲ្យបរិយាកាសជុំវិញកីឡា E-Sport បានស្អាតនិង ធ្វើយ៉ាងណាឲ្យកីឡា E-Sport ក្លាយទៅជាកីឡាដ៏ពិតប្រាកដដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោកនេះ។
លោកបានអះអាងថា កិច្ចប្រជុំនោះ សមាជិកកីឡាអេឡិចត្រូនិកទាំងអស់បាននាំគ្នាតស៊ូមតិយ៉ាងខ្លាំងពាក់ព័ន្ធបញ្ហា ប្រឈមក្នុងវិស័យកីឡានេះ ពីព្រោះឪពុកម្តាយភាគច្រើនឲ្យតែឮថាហ្គេមពួកគាត់គិតថាមិនល្អ ប៉ុន្តែប្រភេទកីឡា E-Sport នេះ មិនមែនជាប្រភេទល្បែងស៊ីសងនោះ ឡើយ ។ សូមមាតាបិតាទាំងអស់យល់ឲ្យ ច្បាស់ E-Sport យក Fair play ធ្វើជាគោល និងមានបទបញ្ជាហាការប្រកួតត្រឹមត្រូវ។
ជាមួយគ្នានោះដែរ លោក ជី សីលា ប្រធានសហព័ន្ធកីឡាE- Sport កម្ពុជា បានប្រកាសថា សហព័ន្ធនឹងបើករដូវកាលប្រកួតជើងឯកថ្នាក់ជាតិកីឡា E-Sport ដោយចាប់ផ្តើមទទួលការចុះឈ្មោះពីដើមខែ កញ្ញាហើយបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ គោលបំណងក្នុងការប្រកួតនេះគឺដើម្បីជ្រើសរើសយកក្រុមខ្លាំងចំនួន២ទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនាដើមឆ្នាំក្រោយ ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែសីហានោះដែរ ក្រុមកីឡាករE- Sport ចំនួន៣ក្រុមទទួលបានពានរង្វាន់និងថវិកាផងដែរ ៕ សារីម