ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀត នៅស្រុកត្រាំកក់ ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។​ ក្នុងជំនួបសំណេះសំណាលនឹងធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំអស់ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងជាពិសេសស្រ្ដីដែលមានផ្ទៃពោះ ដើម្បីទទួលបានព័ត៌មាននានាអំពីបងប្អូនកម្មករនិយោជិតដោយផ្ទាល់។ 

សម្តេចតេជោ ថ្លែង​ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។

សម្តេចតេជោ ថ្លែង​ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។

សម្ដេចតេជោ ប្រកាស​អំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយ មិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។

សម្ដេចតេជោ ថ្លែង​ថា បន្ទាប់ពីបានចុះជួបជាមួយកម្មករ និយោជិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួចហើយ សម្ដេចនឹងបន្តចុះជួបជាមួយកម្មករនិយោជិតនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា៖ ខេត្តពោធិ៍សាត់ ,កំពង់ចាម និងខេត្តស្វាយរៀង។

សម្តេចតេជោ បានថ្លែងចោទជាសំណួរថា បើសិនជាអត់មានរោងចក្រទាំង ៨៦រោងចក្រ នៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតា។

សម្តេចតេជោ  ថ្លែង​ថា បច្ចុប្បន្ននេះកម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជាមិត្តរបស់កម្ពុជា។

សម្តេចតេជោ ថ្លែង​ថា ទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋបែរមកប្រើប្រាស់វិធីសាស្រ្ដធ្វើស្រែ ធ្វើកសិកម្មបែបទំនើប ដោយប្រើប្រាស់គោយន្តច្រើន ប៉ុន្ដែសម្ដេចតេជោ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តប្រើប្រាស់គោ-ក្របី ដើម្បីរួមចំណែកក្នុងការធ្វើកសិកម្មរបស់ប្រជាកសិករ។

សម្តេចតេជោ ថ្លែង​ថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧។ បច្ចុប្បន្នកម្ពុជាមានរោងចក្រជិត១៤០០រោងចក្រជាមួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យរោងចក្រកាត់ដេររបស់កម្ពុជា។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាត្រូវតែកម្ចាត់ចោលពួកជ្រុលនិយម ដែលបំផ្លាញជាតិខ្លួនឯង ខណៈក្រុមជ្រុលនិយមទាំងនោះ តែងតែធ្វើសកម្មភាពនានាទាមទារឱ្យបរទេសកៀបសង្កត់មកលើកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ខណៈសង្គ្រាមបានបំផ្លាញអ្វីគ្រប់បែបយ៉ាង និងធ្វើឱ្យមានសោកនាដកម្មជាច្រើន ហើយមានសន្តិភាព គឺមានការអភិវឌ្ឍ។

សម្តេចតេជោ ប្រកាស​ណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបានចំណូលចំណាយរបស់ខេត្ត ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ ការណែនាំនេះ បន្ទាប់ពីសម្ដេចសាកសួរអភិបាលខេត្តតាកែវ  ពាក់ព័ន្ធប្រាក់ចំណូលរបស់កម្មករ កម្មការិនីក្នុងខេត្ត តែអភិបាលខេត្តរូបនោះឆ្លើយតបមិនច្បាស់លាស់។

សម្តេចតេជោ ប្រកាស​ណែនាំដល់ក្រុមការងារដែលធ្វើសុន្ទរកថា ជូនសម្ដេចត្រូវពិនិត្យឱ្យបាន ហ្មត់ចត់ ខណៈសុន្ទរកថា របស់សម្ដេចកាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ មានការខុសឆ្គងចំនួនតួរលេខនៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈតួរលេខដែលត្រឹមត្រូវ គឺសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានចំនួន ៥,២ ភាគរយហើយឆ្នាំនេះ ព្យាករណ៍ទុកគឺមានចំនួន ៥,៦ ភាគរយ។

នាឱកាសនោះ​ដែរ​ លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅទីតាំងខាងលើរួចម្តងមកហើយ កាលពីឆ្នាំ២០១៩ ដោយមានកម្មករ កម្មការិនីចូលរួមជិត ២ម៉ឺននាក់ផងដែរ។ រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះ សំណាលនឹងសម្តេចតេជោនេះ កំពុងដំណើរការអាជីវកម្ម នៅក្នុង ស្រុកត្រាំកក់ និងស្រុក សំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោង ចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦, កាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។

ខេត្តតាកែវ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៤៨ មានកម្មករ និយោ ជិតប្រមាណ ៧ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន៦៦ មានកម្មករនិយោជិត សរុបជាង ៥ម៉ឺន ៨ពាន់នាក់ ហើយខេត្តតាកែវ ជាខេត្តទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

ដោយ៖ ស​ តារា​


ចែករំលែក៖