ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស​ស្រីចំនួន​ ០៨នាក់​ ត្រូវ​កម្លាំង​នគរបាលឆ្មក់បង្រ្កាបករណីគ្រឿងញៀន​ ក្នុងមូលដ្ឋានក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវ​ឆ្មក់បង្រ្កាបករណីគ្រឿងញៀនមួយក្នុងមូលដ្ឋានក្រុងបាត់ដំបង​ ជាក់ស្ដែង​ឃាត់ខ្លួនមនុស្សប្រុស​ស្រីចំនួន០៨នាក់​ យកមកសាកសួរ​ និងអនុវត្តតាមនីតិវិធីច្បាប់។ 

ប្រភពដដែលបន្តថា​ ករណី​បង្រ្កាប​គ្រឿងញៀន​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២​០​២៣ វេលាម៉ោង ១២និង​២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​១១ខែ​វិច្ឆិកា​ឆ្នាំ២០២៣​ នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ក្នុងប្រតិបត្តិការនោះ​ ដោយ​អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ លោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុ​ក និងសម្រួល ឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទ​ល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យប្រុស​ ស្រីបានចំនួន ០៨នាក់ និងដកហូតវត្ថុតាងបាន៖

-ថ្នាំញៀនប្រភេទកេតាមីន (KET AMINE)ចំនួន ០២ថង់ទម្ងន់ ២,៩០ក្រាម (ទាំងសំបក)

-ដបទឹកចាក់ថ្នាំញៀនចូលចំនួន កន្លះដប ។

បច្ចុប្បន្ន​ ជនសង័្សយនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ចាត់ការ​តាម​ច្បាប់​ បន្ទាប់ពីធ្វេីការ​សាកសួរបញ្ចប់​នីតិវិធី​រួច៕

ដោយ៖ សហការី


ចែករំលែក៖