ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចុះគោះទ្វារផ្ទះអ្នកវិនិយោគចិន ឱ្យមកវិនិយោគនៅកម្ពុជា

ចែករំលែក៖

ប្រទេសចិន​៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាឱកាសដឹកនាំមន្ត្រី​មួយ​ក្រុមចុះទស្សនកិច្ចនៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន បានដាក់ឈ្មោះថា «គោះទ្វារវិនិយោគ» ពោលជាដំណើរទស្សនកិច្ចមួយ ដើម្បីបញ្ចុះបញ្ចូល និងអូសទាញអ្នកវិនិយោគនៅក្រុងឈីងតាវ ឱ្យមកវិនិយោគនៅកម្ពុជា។​ ការទស្សនកិច្ចនេះ​ មានរយៈប្រមាណ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបជូនថា​ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ​ បាន​អញ្ជើញ​ចុះទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឍមណ្ឌលកៅស៊ូជាតិ ព្រមទាំងបានជួបពិភាក្សាជាមួយសម្ព័ន្ធ Sailun Group ដឹកនាំ​ដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឍមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun និងមានការចូលរួមពី លោក Li Yongsen អគ្គនាយករងនៃគណៈកម្មការទំនាក់ទំនងការ​បរទេស​​ខេត្តសានដុង និងលោក Li Xingwei លេខាបក្ស នៃសកលវិទ្យាល័យឈីងតាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Qingdao University of Science and Technology)។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Sailun បានរៀបចំការទទួលគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ និងក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយ​រាជ​រដ្ឋា​ភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាង​សង់​សួន​ឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុន​ចូល​មកវិនិយោគការផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ លោកឧបនាយក​រដ្ឋ​មន្ត្រី បានលើកបង្ហាញអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ និងពិសេសលើក​ទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោ​គលើវិស័យ​នានាច្រើននៅកម្ពុជា ដែលនេះស្រមទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥​-២០២​៥ ការខិតខំឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមក​ប្រើធ​នធាន​បច្ចេក​ទេស​ខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការខិតខំប្រឹង​ប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចម្រើនបាន​ក្នុងរង្វង់៧ភាគរយ មុនពេលកើតមានជំងឺកូវីដ១៩, ៥,៣ភាគរយក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង៦,៣ភាគរយក្នុងឆ្នាំ២០២៤។ បន្ថែមពីលើនេះកម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំ ជាង៦០ភាគរយ ដែលកត្តាធនធានមនុស្សនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។ ចំពោះហេដ្ឋារចនាសម្ព័ន កម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រទេស មានផ្លូវតភ្ជាប់ទៅប្រទេសជិតខាង ផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់កោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុរភារកម្មជាដើម។

លើសពីនេះទៅទៀត​ រាជរដ្ឋាភិបាល​ បានចាត់ទុកផ្នែកឯកជនជាដៃគូរដ៏សំខាន់ ដោយក្នុងនោះមានរៀបចំ​បង្កើតក្រុម​ការងារ​ចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា ហើយក្នុងនោះមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោង​វិនិយោគទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជាមួយ​ទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ ១២០ហិចតា និង​មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារ​ប្រមាណ ២ពាន់កន្លែង។ មជ្ឍមណ្ឌលកៅស៊ូជាតិ គឺជាមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ដែលប្រើប្រាស់​បច្ចេកវិទ្យាទំនើបចុងក្រោយ និងធំបំផុតនៅក្នុងប្រទេសចិន៕

ដោយ៖ តារា


ចែករំលែក៖