ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជាងបីខែមកនេះ ប្រជាពលរដ្ឋចំនួនជិត ១៥ម៉ឺននាក់ បានស្នើសុំចុះឈ្មោះជាសមាជិក ប.ស.ស.

ចែករំលែក៖

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដែលប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានស្ម័គ្រចិត្ត ដើម្បីទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពសរុបចំនួន ១៤៩,៥៦៩នាក់។  

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ១២៥,៤៨៩នាក់ (ស្រីចំនួន ៧៧,៨៩០នាក់) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២៤,០៨០នាក់។ លោកបានឲ្យដឹងទៀតថា ដោយឡែក មូលដ្ឋានសុខាភិបាលដែលជាដៃគូសហការជាមួយ ប.ស.ស. មានចំនួនសរុប ១,៥៣៩ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន ១៣៤។

សូមបញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គលស្វ័យនិយោជន៍អាចស្នើសុំចុះបញ្ជីការនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន៖ ១)ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ២)ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និងទី៤)សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥,៦០០រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម។

បើយោងតាមអនុក្រឹត្យ២៨០អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ រាជរដ្ឋាភិបាល នឹងផ្តល់ជូននូវប្រាក់បំណាច់ពេលឈប់សម្រាកពេលមានជំងឺ លើកាវតាលិកអប្បបរមា ដូចដែលរៀបរាប់ខាងលើបន្ថែម។ ក្រៅពីនេះ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម មាត្រា៣៦ និងមាត្រា៥៦ បានចង្អុលឲ្យមានរបបសន្តិសុខសង្គម២គឺ៖ របបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចនេះ ទៅថ្ងៃអនាគតច្បាស់ណាស់ បុគ្គលស្វ័យនិយោជន៍ ក៏នឹងទទួលបាននូវរបបប្រាក់សោធន ដូចគ្នាទៅនឹងកម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការដូចគ្នាដែរ៕

ដោយ​៖ តារា​


ចែករំលែក៖