ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីរំលោភបូកនៅខេត្តសៀមរាបភ្លាម លោកបានបញ្ជាឱ្យក្រុមការងារក្រសួង ចុះធ្វើការស្រាវជ្រាវកិច្ចការនេះជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំអោយតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ក្រសួងយុត្តិធម៌បានទទួលព័ត៌មានតាម បណ្តាញសង្គម ដែលមានការចែករំលែកតគ្នាពាក់ព័ន្ធនឹងព័ត៌មានដែលថា៖ “ក្មេងស្រីអាយុ ១៥ ឆ្នាំ ត្រូវរំលោភបូក រហូតដល់ទៅ ២០ នាក់ យ៉ាងព្រៃផ្សៃ ពេលសមត្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតខឹងពេក ក៏វាយទៅអ្នកបង្ក ពេលនេះ ពុកត្រូវជាប់គុក រីឯជនល្មើស ១៤ នាក់នៅក្រៅឃុំ ។
ក្រសួងយុត្តិធម៌ បានចាត់ឱ្យស្រាវជ្រាវករណីនេះ និងបានពិនិត្យឃើញថា ករណីអំពើហិង្សាដែលប្រព្រឹត្ត ដោយឈ្មោះ ពេជ្រ សុវ័ន្ត (ឪពុករបស់ក្មេងស្រីរងគ្រោះ) គឺមានសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៨ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ យោងតាមអង្គហេតុ, ក្នុងអំឡុងពេល ដែលកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងលើករណីរំលោភបំពានខាងផ្លូវភេទជាក្រុមនេះ, ជនត្រូវចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ ដោយទប់កំហឹងពុំបានចំពោះករណីនៃការរំលោភបំពាន ខាងផ្លូវភេទជាក្រុមទៅលើកូនស្រីរបស់ខ្លួន បានប្រើអំពើហិង្សាទៅលើជនសង្ស័យ ដោយបានធាក់ឈ្មោះ ឡុង សេងឡាយ ដែលជាជនសង្ស័យមួយរូប ចំកណ្តាលមុខបណ្តាលឱ្យបែកមុខហូរឈាម។ តាមបណ្តឹងរបស់ ម្តាយរបស់ឈ្មោះ ឡុង សេងឡាយ, ឈ្មោះ ពេជ្រ សុវ័ន្ត ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទ ហិង្សាដោយ ចេតនា ហើយបច្ចុប្បន្ន ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប។
ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា៖
១-យោងតាមមាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ជាគោលការណ៍ ជនត្រូវចោទត្រូវមាន សេរីភាព។ ក្នុងករណីពិសេស, ជនត្រូវចោទអាចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងលក្ខខណ្ឌដែលមាន ចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ពិសេស មាត្រា២០៥។
២-អំពើហិង្សា គឺ ជាអំពើខុសទៅនឹងច្បាប់ព្រហ្មទណ្ឌ ទោះបីជាអំពើនេះ កើតឡើងដោយសារ កំហឹងនៃការប្រព្រឹត្តបទល្មើសរបស់ជនល្មើសទៅជនរងគ្រោះក៏ដោយ។ ដូចនេះ ចំណាត់ការនៃការចោទប្រកាន់ ករណីនេះនៅពេលមានបណ្ដឹងពីភាគីជនរងគ្រោះដោយសារអំពើហិង្សា គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។
៣-ប៉ុន្តែ ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន គឺ ត្រូវធ្វើឡើងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ និង ត្រូវ អនុលោមតាមគោលការណ៍ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដូចបានរៀបរាប់ខាងលើ។ ក្រសួងពិនិត្យ ឃើញថា ការឃុំខ្លួនឪពុករបស់ជនរងគ្រោះជាបណ្តោះអាសន្ន ដោយសារការប្រើអំពើហិង្សាទៅជនដែលបាន ប្រព្រឹត្តអំពើបំពានលើកូនស្រីរបស់ខ្លួន ថ្វីត្បិតតែមានភាពចាំបាច់ក្នុងដំណាក់កាលដំបូងនៃនីតិវិធី ដើម្បីបង្ការកុំឱ្យ អំពើនេះកើតមានទៅលើជនសង្ស័យដទៃទៀត ប៉ុន្តែ បច្ចុប្បន្ន, វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ននេះ លែងមានភាពចាំបាច់ ហើយប្រសិនបើមានស្ថានភាពចាំបាច់លើទិដ្ឋភាពនីតិវិធី, តុលាការគប្បីពិចារណាប្រើ វិធានការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការជំនួសការឃុំខ្លួនជាបណ្តោះអាសន្ន ដោយអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។
អាស្រ័យហេតុនេះ និងដើម្បីធានាភាពត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់ នៅក្នុងសំណុំរឿងខាងលើ និងនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់អំពីករណីរំលោភបំពានផ្លូវភេទជាក្រុមលើជនរងគ្រោះខាងលើ ក្រសួងសូមស្នើ ឯកឧត្តម ពិចារណាឡើងវិញលើទិដ្ឋភាពច្បាប់ និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ក្នុងការបញ្ចប់ វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្នចំពោះករណីខាងលើ ស្របតាមច្បាប់ និងនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖តារា