ព័ត៌មានទាន់ហេតុការណ៍៖

លោកសាស្រ្តាចារ្យ ឈាង រ៉ា​ បង្ហាញអំពីលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ​៖​ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា លើប្រធានបទ «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​​ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី​ ក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីជំនាញពាក់ព័ន្ធ។

ក្នុងវេទិកានេះដែរ មានការចូលរួមពីសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា ដែលអញ្ជើញមកពីបណ្តាអង្គភាព ស្ថាប័នសារព័ត៌មានចំនួន ៥៦ និងអ្នកសារព័ត៌មាន សរុបចំនួន ៧០រូប ដើម្បីបានស្វែងយល់កាន់តែច្បាស់ពីវិស័យសុខាភិបាល ដែលជាផ្នែកដ៏សំខាន់មួយ ក្នុងការចូលរួមផ្សព្វផ្សាយពីការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្រ្តី ឈាង​ រ៉ា​ បានកំណត់សកម្មភាពដ៏ខ្លាំងក្លានេះក្នុងបរិបទទូទៅនៃកម្មវិធីនយោបាយដាក់ចេញខែសីហា ឆ្នាំ២០២៣ ដោយបានដាក់បញ្ចូលសុខភាពក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦។​ លោករដ្ឋមន្ត្រី​ ក៏បានរម្លឹកផងដែរថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានដាក់បញ្ចូលសុខភាពក្នុងចំណោមអាទិភាព ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ សកម្មភាពទាំងនេះបានអនុវត្តតាមសេចក្ដីណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសុខភាព និងជាពិសេសមូលធនមនុស្ស និងការបណ្ដុះបណ្តាលធនធានមនុស្ស។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការរៀបចំបង្កើតក្រុមអ្នកជំនាញទទួលបន្ទុកតាមវិស័យនីមួយៗ និងបន្ទាប់មកជូនការទទួលខុសត្រូវតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្ដាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ទាំង២៥។ ភាគីពាក់ព័ន្ធទាំងអស់ធ្វើការក្នុងស្ថានភាពចំពោះមុខ ចាប់តាំងពីរបីខែដំបូងនៃអាណត្តិ និងក្នុងរយៈពេលវែងជាមួយនឹងការរៀបចំយុទ្ធសាស្ត្រតាមវិស័យ។ ជាចុងក្រោយ គន្លឹះនៃភាពជោគជ័យ យោងតាមអនុសាសន៍នៃយុទ្ធសាស្ត្របញ្ចកោណ គឺស្ថិតនៅក្នុងដំណើរការអន្តរក្រសួង និងអភិក្រមពហុវិស័យ ធ្វើឱ្យឆ្លើយតបបានទៅនឹងកត្តាកំណត់វិស័យសុខភិបាល។

លោករដ្ឋមន្ត្រី​ បានបញ្ជាក់ថា សកម្មភាព ដែលត្រូវបានរៀបចំបែបនេះ ត្រូវបានអនុវត្តតាមអ័ក្សបី៖ ១- ការឆ្លើយតបនឹងតម្រូវការចំពោះមុខ របស់ប្រជាជន តាមរយៈការពង្រីកសេវាសុខភាពទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ ធ្វើឱ្យប្រជាពលរដ្ឋ ៧,៥ លាននាក់ នាពេលបច្ចុប្បន្ននេះ ស្មើនឹង ៤៣% ទទួលបានប័ណ្ណក្រីក្រ និងបសស ដែលមានសមាជិក ២ ៤៥៣ ០០០ នាក់ នៅចុងខែកក្កដា។ ថ្មីៗនេះ មានមូលដ្ឋានសុខាភិបាលបន្ថែមចំនួន ១ ៥៧៣ បានចូលរួម។

២- ការកសាងយុទ្ធសាស្ត្រសុខាភិបាលតាមវិស័យ និងការចូលរួមក្នុងការរៀបចំយុទ្ធសាស្ត្រអន្តរក្រសួង ឧទាហរណ៍៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ យុទ្ធសាស្ត្រជាតិសម្រាប់កម្មករក្រៅប្រព័ន្ធ ការវិភាគរួមគ្នាជាមួយក្រសួងមុខងារសាធារណៈលើតម្រូវការបុគ្គលិកក្នុងរចនាសម្ព័ន្ធសុខាភិបាល ដើម្បីចាត់តាំងអ្នកវិជ្ជាជីវៈចាំបាច់។

៣- ការពង្រឹងមធ្យោបាយឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើតមានទន្ទឹមគ្នារវាងជំងឺឆ្លង និងជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ការពង្រឹងមធ្យោបាយដំណើរការទៅបាន តាមរយៈបែបបទអន្តរាគមន៍ចំនួន ៤ ការបណ្ដុះបណ្ដាលធនធានមនុស្ស បរិក្ខារ សំណង់ និងការពង្រឹងភាពជាដៃគូអន្តរជាតិ។

លោករដ្ឋមន្ត្រី​ បញ្ជាក់ទៀតថា នៅមានវឌ្ឍនភាពដែលត្រូវសម្រេចឱ្យបានលើប្រធានបទផ្សេងទៀត ដូចជា ការឈានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ដែលត្រូវតែកើនឡើងពី ៥១% ទៅ ៨០% ក្នុងឆ្នាំ២០៣៥ ការចាត់តាំងបុគ្គលិកសុខាភិបាលនៅតំបន់ជនបទដាច់ស្រយាល ការពង្រឹងគោលនយោបាយបង្ការ ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ល។

ជាចុងក្រោយ លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ ក្រសួងសុខាភិបាល រួមជាមួយនឹងអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ្រដោយរាជរដ្ឋាភិបាល បានព្យាយាមវិនិយោគបន្ថែម ដើម្បីផ្ដល់ការឆ្លើយតបសមស្របបំផុតចំពោះតម្រូវការសុខភាពរបស់ប្រជាជន និងដើម្បីផ្សព្វផ្សាយឱ្យយល់ដឹងកាន់តែប្រសើរឡើងអំពីសកម្មភាពរបស់ក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរយោបល់ជាប្រចាំជាមួយប្រជាជននៅតាមមូលដ្ឋាន ឈានទៅការបម្រើសេវាថែទាំសុខភាពកាន់តែប្រសើរឡើង។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់បណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការបន្តរាយការណអំពីសមិទ្ធិផលសុខាភិបាល ដែលពិតជាការចូលរួមចំណែកថែទាំការពារសុខភាពប្រជាពលរដ្ឋកម្ពុជា។

បន្ទាប់ពីបញ្ចប់វេទិកាពិភាក្សានេះ លោកសាស្រ្តាចារ្យ បានផ្ទាល់ឱកាសជូនដោយផ្តល់ ជូនសមាជិក សមាជិកាក្រុមសារព័ត៌មានទាំងអស់ ធ្វើការទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញពីវឌ្ឍនភាព សមិទ្ធផល និងការរីកចម្រើនរបស់មន្ទីរពេទ្យជាតិមួយក្នុងចំណោមមន្ទីរពេទ្យជាតិនៅកម្ពុជា ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារបច្ចេកវិទ្យាវេជ្ជសាស្ត្រ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

ដោយ​៖ តារា


ចែករំលែក៖