ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ទទួលជួបឯកអគ្គរាជទូតនូវែលសេឡង់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ បានទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ លោក  Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។

លោក សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណ លោក Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់”។ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយនៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិនូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍រួម។ 

ភាគីទាំងពីរ ក៏បានពិភាក្សាស្ដីពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖