ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យគ្រូពេទ្យគ្មានជំនាញ ចាក់ថ្នាំបណ្តាលឲ្យស្លាប់អ្នកជំងឺម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យចំណាស់ម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីគ្រូពេទ្យដែលគេសង្ស័យគ្មានជំនាញច្បាស់លាស់ ចាក់ថ្នាំមួយម្ជុល ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះគ្រូខ្មែរ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី មោល សុទ្ធ អធិការរងទទួលផែនកណ្តាលយុត្តិធម៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា វ៉ាង ភេទស្រី អាយុ៧៦ឆ្នាំ មានទីលំនៅភូមិខ្សាច់ល្អិច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកអធិការរងបន្តថា ក្រោយសមត្ថកិច្ចស្រាវជ្រាវជុំវិញហេតុការណ៍ខាងលើ ជនរងគ្រោះស្លាបបណ្ដាលមកពីគ្រូពេទ្យចាក់ថ្នាំ២ម្ជុល បើតាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ បាននិយាយថា កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦(មុនកើតហេតុបន្តិច) ជនរងគ្រោះបាននិយាយប្រាប់ចៅរបស់ខ្លួនថាអាញ់អត់ស្រួលខ្លួនទេ ចៅឯងតេហៅពេទ្យវៃមកចាក់ថ្នាំកម្លាំងឲ្យយាយបន្តិច ពេលនោះចៅក៏ចុចទូរស័ព្ទហៅពេទ្យ វៃ គ្រានោះពេទ្យវៃ បានមកចាក់ថ្នាំកម្លាំងចំនួន២ម្ជុល រួចក៏ត្រឡប់ទៅផ្ទះវិញ លុះដល់វេលាម៉ោង១៧និង២០នាទី ថ្ងៃដដែល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។

លោកបន្តទៀតថា ជនសង្ស័យគ្រូពេទ្យចាក់ថ្នាំបណ្តាលឲ្យមានមនុស្សស្លាប់ខាងលើឈ្មោះ ប្រាក់ សាវៃ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានមុខរបរជាគ្រូពេទ្យ(មណ្ឌលសុខភាពកំពង់លួង)។

លោកអធិការរងបញ្ជាក់ទៀតថា ក្នុងករណីខាងលើនេះ ភាគីសាច់ញាតិខាងជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានមកដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យជាគ្រូពេទ្យបង្ក នៅព្រឹកថ្ងៃបន្ទាប់ដោយទាមទារសំណងចំនួន៦លានរៀល និងអនុវត្តតាមនីតិវិធី គ្រានោះលោកបានសុំគោលការណ៍ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងឃាត់ចាប់ខ្លួនជនសង្ស័យ ប៉ុន្តែគ្រានោះក៏បានសម្របសម្រួលគ្នានៅមូលដ្ឋានវិញ ដោយភាគីបង្ក(គ្រូពេទ្យប្រាក់ សាវៃ) ព្រមសងសំណង និងធានាចេញថ្លៃធ្វើបុណ្យទាំងអស់។

លោកបញ្ជាក់បន្ថែមទៀតថា គ្រូពេទ្យឈ្មោះ ប្រាក់ សាវៃ មានក្របខ័ណ្ឌត្រឹមត្រូវតាមផ្លូវច្បាប់និងមានលិខិតអនុញ្ញាតិបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាលភិបាលពោធិ៍សាត់ ឲ្យគ្រូពេទ្យខាងលើនេះបើកបន្ទប់ថែទាំអ្នកជំងឺ ។

ករណីខាងលើនេះ ត្រូវបានមតិមហាជនលើកឡើងស្រឌៀងៗគ្នាថា ការដោះស្រាយប៉ះប៉ូវលុយកាក់រវាងជនល្មើស នឹងជនរងគ្រោះ ពិតជាបានដោះស្រាយសមហេតុសមផល ប៉ុន្តែមនុស្សម្នាក់ត្រូវបានដាច់ខ្យល់ស្លាប់ ដូច្នេះ ច្បាប់គួរអនុវត្តតាមនីតិវិធីដែរឬទេ ដូចជាត្រូវបិទមុខរបរ ? ហើយជនបង្កអាចមានទោសទាន់កម្រិតណា ? ៕ ប៉ឹម ពិន

res (3) copy

res (2) copy

res (1)


ចែករំលែក៖