ព័ត៌មានទាន់ហេតុការណ៍៖

សារអបអរសាទររបស់ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងឱកាស នៃទិវាទន្លេពិភពលោក ក្រោមមូលបទ “ទន្លេ ជាផ្លូវទឹកនៃជីវិត (Waterway of Life)” ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សារអបអរសាទរ ក្រសួងធនធានទឹក និងឧតុនិយម របស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងឱកាស នៃទិវាទន្លេពិភពលោក ក្រោមមូលបទ “ទន្លេ ជាផ្លូវទឹកនៃជីវិត (Waterway of Life)” ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ! 

ថ្ងៃនេះ គឺជាទិវាទន្លេពិភពលោក ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ជាសកល ដោយគូសរំលេច អំពីតួនាទីជាសារវន្តដែលទន្លេបានផ្តល់សម្រាប់មនុស្សជាតិ ជាផ្លូវទឹកនៃជីវិតក្នុងការទ្រទ្រង់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃ និងការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពបរិស្ថានធម្មជាតិ។

កម្ពុជា ជាប្រទេសសម្បូរទៅដោយប្រព័ន្ធទន្លេ ស្ទឹង បឹងបួរ ដូចជាទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ បណ្តាញទន្លេសេកុង សេសាន ស្រែពក និងបណ្តាញដៃទន្លេ-ស្ទឹងជាច្រើនផ្សេងទៀត ដែលជា ប្រភពធនធានទឹក ស្បៀងអាហារ ថាមពល និងទ្រទ្រង់ដល់ការអភិវឌ្ឍ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម ជាដរាបរៀងមក រហូតដល់បច្ចុប្បន្ន និងបន្តទៅអនាគត។ ទន្លេមេគង្គជាទន្លេអន្តរជាតិ ហូរកាត់ប្រទេស ចំនួន៦ រួមមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម និងបឹងទន្លេសាបរបស់កម្ពុជា ដែលជាបឹងទឹកសាប ដ៏ធំបំផុតនៅ អាស៊ីអាគ្នេយ៍ ហើយគឺជាសរសៃឈាម ជាខ្សែជីវិត និងជាដង្ហើមជីវិត របស់ជាតិយើង និងសម្រាប់ តំបន់ផងដែរ។

ដើម្បីធានាបាននូវតួនាទីដ៏សំខាន់ប្រកបដោយផលប្រយោជន៍ និងមានតម្លៃដ៏មហាសាលនៃទន្លេឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍ សម្រាប់ប្រជាជននិងជាតិយើងកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើការលើកកម្ពស់ការគ្រប់គ្រងធនធានទឹកចម្រុះ និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងក្របខ័ណ្ឌជាតិ និងតំបន់ក៏ដូចជាក្នុងក្របខ័ណ្ឌសកល ឱ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសើរថែមទៀត ក្នុងចក្ខុវិស័យ និងគោលដៅតែមួយ និងរួមគ្នាដើម្បីធានាបាននូវចីរភាពនៃទន្លេ ឆ្ពោះទៅសម្រេចបាន នូវការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់កម្ពុជា និងសម្រាប់គ្រប់ៗគ្នា។ ការពង្រឹងលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ក្នុងការគ្រប់គ្រងអាងទន្លេទាំងនៅថ្នាក់ជាតិ និងឆ្លងដែន គឺជាជម្រើសដ៏ប្រសើរបំផុត និងជាភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងតម្រូវការធនធានទន្លេសម្រាប់ទ្រទ្រង់ ដល់ជីវភាព រស់នៅ និងការអភិវឌ្ឍ ដែលមានការកើនឡើងជាលំដាប់ និងដោយឥតឈប់ឈរ។

សូមឱ្យទិវាទន្លេពិភពលោក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ជាការអំពាវនាវជាសកល សម្រាប់ គ្រប់ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់រួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយកិច្ចសហការ និងភាពជាដៃគូ កាន់តែរឹងមាំថែមទៀត ដើម្បីចីរភាពនៃទន្លេ ជាផ្លូវទឹកនៃជីវិត សម្រាប់ទាំងអស់គ្នា។ កម្ពុជានឹងបន្តខិតខំ ប្រឹងប្រែង និងប្តេជ្ញារួមសហការជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីសម្រេចឱ្យបាននូវគោលដៅ ខាងលើនេះ៕

ដោយ ៖ សិលា


ចែករំលែក៖