ប្រទេសចិន ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញដល់ទីក្រុងប៉េកំាងប្រកបដោយសុវត្ថិភាព នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ តបតាមការអញ្ជើញរបស់ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកាំង គណៈប្រតិភូ បានទទួលការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីមិត្តចិន ។ លោកស្រី ពូ សៀវលិន (Bu Xiaolin) អនុប្រធានគណៈកម្មាធិការការពារបរិស្ថាន និងអភិរក្សធនាធាននិងជាសមាជិកនៃក្រុមមិត្តភាពសភាចិន-កម្ពុជា និងមន្រ្តីជាច្រើនរូបទៀត បានអញ្ជើញមកទទួលស្វាគមន៍និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា ។ នៅក្នុងឱកាសនោះ ក៏មានវត្តមានលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសចិនរួមទាំងសហការីស្ថានទូតជាច្រើននាក់ទៀត ក៏បានអញ្ជើញមកទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាផងដែរ។
នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ស្អែកនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី នៅវិមានសភាតំណាងប្រជាជនចិន។ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរផងដែរ។ ឯកសារទាំងពីរនេះ នឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិតរវាងសភាប្រទេសទាំងពីរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹង អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ និងភាគីមិត្តចិនមួយចំនួនទៀត៕
ដោយ ៖ សិលា