ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងបានយំសោកឱបគ្នានៅចំពោះមុខសមត្ថកិច្ច ដោយក្តីស្រឡាញ់ អាឡោះអាល័យ ខណៈភាគីខាងប្រុស គិតខ្លី ជ្រុលជ្រួសក្លាយទៅជាជនសង្ស័យគាស់ផ្ទះអ្នកជិតខាងយកទ្រព្យសម្បត្តិ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះយកមកសាកសួរ ។ បើទោះជាអ្នកទាំងពីរបង្ហាញពីក្តីស្រឡាញ់ប្តូរផ្តាច់យ៉ាងណាក៏ដោយ ច្បាប់មិនមានមនោសញ្ចេតនាអត់ឱនឲ្យជនដែលប្រព្រឹត្តល្មើសនោះឡើយ ហើយអ្នកជិតខាងបានខ្សឹបខ្សៀវគ្នាថា ទាល់តែនគរបាលចាប់ខ្លួន ទើបប្រពន្ធដឹងថា ប្តីជាចោរ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាចោរបានលួចគាស់បន្ទប់ផ្ទះជួលរបស់អ្នកដទៃមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ជនសង្ស័យមានឈ្មោះ ឃឹម សំណាង អាយុ២៣ឆ្នាំ មានស្រុកកំណើតរស់នៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពេលឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន កូនសោសម្រាប់ដោះខ្ចាវចំនួន៦ ដង្កាប់ចំនួន២ ទុលណាវីសចំនួន១ មេសោចំនួន១ ទូរស័ព្ទដៃ២គ្រឿង កូនសោសម្រាប់ចាក់ចំនួន៣០ និងលុយរៀលជាប់នឹងខ្លួនមួយចំនួនទៀត ។ ដោយឡែកស្ត្រីវ័យក្មេង ដែលបានមកទ្រហ៊ោយំ និងឱបប្តីជាជនសង្ស័យគាស់ផ្ទះ ត្រូវបានសមត្ថកិច្ចអះអាងថា នាងឈ្មោះ រ៉េន សៅ អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានស្រុកកំណើតរស់នៅភូមិ ខ្នា ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។ អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជាភរិយាជនសង្ស័យបានបញ្ជាក់ប្រាប់សមត្ថកិច្ច ខាងប្រុសពិតជាខិតខំរកលុយដើម្បីសន្សំទុករៀបការពេញច្បាប់នៅឯស្រុកកំណើត ធ្វើយ៉ាងណាបំពេញមុខមេបា កុំឲ្យនាងកង្វល់ ឬខ្មាស់ញាតិសន្តាន ប៉ុន្តែការខំរកប្រាក់នេះ នាងក៏មិនដឹងថា ប្តីរកស៊ីដោយមុខរបរអ្វីពិតប្រាកដឡើយ ទើប សមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ក៏ដឹងថា ខាងប្រុស ជាប់ពាក់ព័ន្ធនឹងការគាស់ផ្ទះអ្នកដទៃ ។
អ្វីដែលមានការភ្ញាក់ផ្អើលនៅទីស្នាក់ការនគរបាល គេបានឃើញខាងស្រីស្រែកទ្រហ៊ោយំ និងនិយាយថា បើបងចង់រៀបការឲ្យបានឆាប់ៗ ហេតុអ្វីក៏មិនខំរកប្រាក់ ដោយកម្លាំងញើសឈាម អំពើទៀងត្រង់ ទៅប្រឹងធ្វើអីមុខរបរជាចោរល្មើសច្បាប់ ធ្វើឲ្យយើងអាម៉ាស់មុខ ហើយបងមានទោសទណ្ឌ ។ នាងបន្តថា ពីមុនមិនទាន់បានការ ខ្លាចខ្មាស់គេ និងមិនបានបំពេញបំណងមេបា ចុះបើបងប្រព្រឹត្តអំពើបែបនេះ តើយើងនឹងអាម៉ាស់គេ ក្នុងកម្រិតណា ។ ភាគីខាងប្រុសមិនបាននិយាយស្តីអ្វីទាំងអស់ បានត្រឹមតែឱបខាងស្រីយំដូចគ្នានៅចំពោះមុខសមត្ថកិច្ច ។ ដោយឡែក សមត្ថកិច្ចកំពុងតែបន្តសាកសួរ ដើម្បីបញ្ជូនជនសង្ស័យជាចោរគាស់ផ្ទះ ភាគីខាងប្រុសទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕ សុខា សែនជ័យ