ខេត្តកំពង់ស្ពឺ ៈ បុរសចំណាស់ម្នាក់បានរងគ្រោះថ្នាក់បាក់ជើងស្តាំក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុក គ្នាទៅតាមបណ្តោយផ្លូវលេខ៤១។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៤១ចន្លោះគីឡូម៉ែត្រលេខ១៧និង១៨ ស្ថិតក្នុងភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះប៉ុក សឿន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ជិះម៉ូតូហុងដាសេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែក ភាគីម្ខាងទៀតឈ្មោះងួន ឈាវ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្មី ឃុំស្រង់ ស្រុកគងពិសី ជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE-4០០០។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូទាំង២គ្រឿងធ្វើ ដំណើរស្របទិសគ្នាពីជើងទៅត្បូង។ ពេលមកដល់កន្លែងកើតហេតុស្រាប់់តែម៉ូតូម៉ាកស៊ុយហ្សុ៊យគីនិចបានរេចង្កូតទៅប៉ះម៉ូតូភាគីម្ខាងទៀតបណ្តាលឲ្យដួលភាគីជិះម៉ូតូម៉ាកហុងដាសេ១២៥ដួលរងរបួសបាក់ជើងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងហើយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគងពិសីដើម្បីព្យាបាលរបួសនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំឲ្យភាគីទាំង២ចូលខ្លួនដោះស្រាយ ៕ សេនាស័ក្តិ