ភ្នំពេញៈចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសភីរម្យ កាលពីរសៀលថ្ងៃទី១៥ ខែសីហា សម្រេចផ្តន្ទាទោសពិន័យជាប្រាក់លើលោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ជាង១០០លានរៀល ពីបទបរិហារកេរ្តិ៍លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
លោកចៅក្រម ឡុង កេសភីរម្យ ថ្លែងថា សម្រេចផ្តន្ទាទោសពិន័យជាប្រាក់លោក អះម៉ាត់ យ៉ះយ៉ា ចំនួន៥លានរៀល និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។
នាពេលសវនាការកន្លងទៅ លោក អះម៉ាត់ យ៉ះយ៉ា បានសុំទោសលោក អូស្មាន ហាស្សាន់ ស្របពេលដែលតុលាការកាត់ទោសរូបលោកពីបទបរិហារកេរ្តិ៍ ដែលកន្លងមកលោកបានលើកឡើងថា លោក អូស្មាន ហាស្សាន់ ជាអ្នកគូសប្លង់ឱ្យសាលារាជធានីភ្នំពេញ សង់ផ្លូវកាត់វិហារឥស្លាមនៅបឹងកក់ក្នុងផលប្រយោជន៍អ្វីមួយ ។
ដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់របស់អ្នកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក អូស្មាន ហាស្សាន់ ប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ទៅតុលាការដោយសារលោក អះម៉ាត់ យ៉ះយ៉ា បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗថា៖ “ខ្ញុំយល់ថាយើងបានវិហារល្អ វាល្អហើយ ក៏ប៉ុន្តែកាលណាគេមកធ្វើផ្លូវទៅ អាដីដែលយើងមានល្អហ្នឹង វាលែងល្អ វាទៅជាអ៊ូអរ វាទៅជាមានបញ្ហា វាទៅជាស្អីៗទាំងអស់ ហើយរឿងទាំងអស់ហ្នឹង វាគ្មានអ្នកណាក្រៅពី អូស្មាន់ ហាស្សាន់ ទេអ្នកគូរប្លង់ឲ្យទៅសាលាក្រុង ដើម្បីឲ្យគេអនុម័ត” និងការថ្លែងថា៖ “ម្លោះហើយគេចង់ដោះដូរ ដើម្បីគេបានផលប្រយោជន៍ឯណោះ គេសងដីនៅខាងក្រោយឯណោះ ហើយឭគេថាចង់ធ្វើផ្ទះ ចង់ធ្វើខុនដូ ចង់ធ្វើអីហ្នឹង ម្ល៉ោះហើយវាជាការចង់បានផលប្រយោជន៍ទេ ហើយយើងទេដែលចង់ឲ្យគេធ្វើនោះ” ៕ ចេស្តា