ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​​រដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច​ជាង​១០០លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ ​លោក​ អូស្មាន​ ហាស្សាន់​

ចែករំលែក៖

ភ្នំពេញៈចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ឡុង​ កេសភីរម្យ​ កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ សម្រេច​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​លើ​លោក​ អះម៉ាត់ យ៉ះយ៉ា​ រដ្ឋ​លេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា​ ជាង​១០០លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​លោក​ អូស្មាន ហាស្សាន់​ ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

លោក​ចៅក្រម​ ឡុង​ កេសភីរម្យ​ ថ្លែង​ថា​ សម្រេច​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​លោក​ អះម៉ាត់ យ៉ះយ៉ា​ ចំនួន​៥លាន​រៀល​ និង​ សងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​១០០លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ ។

នាពេល​សវនាការ​កន្លង​ទៅ​ លោក​ អះម៉ាត់ យ៉ះយ៉ា​ ​បាន​សុំទោស​លោក​ អូស្មាន​ ហាស្សាន់​ ស្រប​ពេល​ដែល​តុលាការ​កាត់​ទោស​រូប​លោក​ពី​បទ​បរិហារកេរ្តិ៍​ ដែល​កន្លង​មក​លោក​បាន​លើកឡើង​ថា​ លោក អូស្មាន ហាស្សាន់ ជា​អ្នក​គូស​ប្លង់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ សង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​នៅ​បឹងកក់​ក្នុង​ផល​ប្រយោជន៍​អ្វី​មួយ​ ។

ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់​របស់​អ្នក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក អូស្មាន ហាស្សាន់ ប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ទៅតុលាការដោយសារលោក អះម៉ាត់ យ៉ះយ៉ា បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗថា៖ “ខ្ញុំយល់ថាយើងបានវិហារល្អ វាល្អហើយ ក៏ប៉ុន្តែកាលណាគេមកធ្វើផ្លូវទៅ អាដីដែលយើងមានល្អហ្នឹង វាលែងល្អ វាទៅជាអ៊ូអរ វាទៅជាមានបញ្ហា វាទៅជាស្អីៗទាំងអស់ ហើយរឿងទាំងអស់ហ្នឹង វាគ្មានអ្នកណាក្រៅពី អូស្មាន់ ហាស្សាន់ ទេអ្នកគូរប្លង់ឲ្យទៅសាលាក្រុង ដើម្បីឲ្យគេអនុម័ត” និងការថ្លែងថា៖ “ម្លោះហើយគេចង់ដោះដូរ ដើម្បីគេបានផលប្រយោជន៍ឯណោះ គេសងដីនៅខាងក្រោយឯណោះ ហើយឭគេថាចង់ធ្វើផ្ទះ ចង់ធ្វើខុនដូ ចង់ធ្វើអីហ្នឹង ម្ល៉ោះហើយវាជាការចង់បានផលប្រយោជន៍ទេ ហើយយើងទេដែលចង់ឲ្យគេធ្វើនោះ” ៕ ​ ចេស្តា

IMG-20160815-WA0275


ចែករំលែក៖