ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យមានគ្នា២នាក់ហៅម៉ូតូឲ្យឌុបដល់កន្លែងស្ងាត់ ហើយបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំភូមិទូលពង្រ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះជិន ឈន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្រោយផ្សារកាណាសីុធី និងមានស្រុកកំណើតនៅភូមិដំរីឆ្លង ស្រុក ស្អាង ខេត្តកណ្ដាល។ រីឯម៉ូតូដែលជន សង្ស័យវាយប្លន់យកទៅម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 4445( មិនចាំអក្សរខាងមុខ)។
បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យ ដឹងថា នៅមុនពេលកើតហេតុគឺជនសង្ស័យ មានគ្នាពីនាក់ បានហៅម៉ូតូគាត់ជិះពីរង្វង់មូលចោមចៅមកកន្លែងកើតហេតុដោយ ឲ្យតម្លៃ៧០០០រៀល។ លុះមកដល់ចំណុច កើតហេតុជនសង្ស័យក៏បានឲ្យឈប់រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ហើយពួកគេឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ស្រមោលតែម្ដង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់និងនាំយកជនរងគ្រោះទៅរុំរបួសនិងឲ្យទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ